មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ
អនុវត្តបង្ហាញដំណាំដំឡូងមីដោយប្រើពូជសុទ្ធនិងប្រសិទ្ធភាពការអនុវត្តបង្គុំបច្ចេកទេសកសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ
ចេញ​ផ្សាយ ១៩ មិថុនា ២០២៥
14

នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ អនុវត្តតាមផែនការសកម្មភាពនៃគម្រោងខ្សែច្រវាក់ផលិតកម្ម ដោយ ភាតរបរិស្ថាននៃក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំនិងជាប្រធានក្រុមអនុវត្តគម្រោងថ្នាក់ខេត្តនិងសហការី បានចុះជួបសំណេះសំណាល កសិករអនុវត្តបង្ហាញដំណាំដំឡូងមីដោយប្រើពូជសុទ្ធនិងប្រសិទ្ធភាពការអនុវត្តបង្គុំបច្ចេកទេសកសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងប្រគល់ជីកសិកម្មដល់កសិករសហការអនុវត្តបង្ហាញចំនួន ១៣គ្រួសារ លើផ្ទៃដី ១៣ហិកតា មកពីស្រុកតំបែរ ក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ។ 
តាមការរៀបរាប់របស់លោក ង៉ែត សំបឿន មន្ត្រីអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា យោងតាមផែនការឆ្នាំ២០២៥នេះ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ បាន អនុវត្ត បង្ហាញ ពីផលិតកម្មពូជដំឡូងមីចំនួន ១៣បង្ហាញ ដែលជាពូជមានសុខភាពល្អ ធន់នឹងជំងឺធន់នឹងអាកាសធាតុ និងផ្តល់ផលល្អ។ គោលបំណងនៃការធ្វើបង្ហាញ ៖
១.តម្រង់ទិសនិងជំរុញការអនុវត្តបង្គុំបច្ចេកទេសកសិកម្មថ្មី ដើម្បីបង្ហាញពីប្រសិទ្ធភាពនៃបច្ចេកទេសលើការ ដាំដុះដំឡូងមី 
២.ជំរុញឲ្យកសិករមានការយល់ដឹងពីការជ្រើសរើសពូជល្អ តាមរយៈការផ្តល់ពូជដំឡូងមីដែលមានគុណភាពល្អ ធន់នឹងជំងឺទទួលទិន្នផលខ្ពស់ ហើយធន់ទៅនឹងអាកាសធាតុ
៣.ចូលរួមចំណែកក្នុងការពង្រឹងប្រពន្ធ័ផលិតកម្មពូជនិងការផ្គត់ផ្គង់ពូជដំឡូងមីប្រកបដោយនិរន្តរភាព។
៤.តម្រង់ទិសឲ្យកសិករចេះផលិតពូជល្អសម្រាប់ខ្លួនឯងនិងផ្សព្វផ្សាយចែកចាយបន្តដល់កសិករក្នុងសហគមន៍ និងតំបន់ខ្លួនឯង ដើម្បីបង្កើនចំណូលនិងកាត់បន្ថយចំណាយក្នុងផលិតកម្ម។
ក្នុងឱកាសនោះ ក៏មានការចែករំលែកបទពិសោធន៍ជោកជ័យរបស់កសិករអនុវត្តបង្ហាញផលិតកម្មពូជដំឡូងមី ឆ្នាំ២០២៤ ដោយទទួលបានទិន្នផលដំឡូងស្រស់ ៣៧តោន/ហិកតា និងដើមពូជដែលមានគុណភាពល្អ  ចំនួន ១ ០០០បាច់/ហិកតា និងបច្ចេកទេសប្រើប្រាស់ជី។
ក្នុងព្រឹត្តិការណ៍នោះ លោកប្រធានមន្ទីរ បានផ្តល់អនុសាសន៍មួយចំនួន ៖
-សូមចូលរួមអនុវត្តពេញលេញបង្គុំបច្ចេកទេសដែលមន្ត្រីបច្ចេកទេសបានណែនាំជាប្រចាំ
-ត្រូវកត់ត្រា ពេលវេលាដាំដុះ ការប្រើប្រាស់ជី បាញ់ថ្នាំសម្លាប់ស្មៅ តាមដានសត្វល្អិតចង្រៃ ជំងឺ និងបញ្ហាផ្សេងៗ ដែលកើតឡើង។

ចំនួនអ្នកចូលទស្សនា
Flag Counter