នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំក្នុងខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកអនុប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរពាណិជ្ជកម្ម មន្ទីរធនធានទឹកនិងឧតុនិយម មន្ទីរឧស្សាហកម្ម សិប្បកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ មន្ទីរអភិវឌ្ឍន៍ជនបទ លោកអភិបាលនៃគណៈអភិបាលក្រុង/ស្រុកទាំង៧ លោក លោកស្រី មេឃុំ/ចៅសង្កាត់ ប្អូនៗមន្ត្រីកសិកម្មឃុំសង្កាត់ទូទាំងខេត្តត្បូងឃ្មុំ សរុបចំនួន ១៣០រូប ក្នុងនោះស្រី ២៥រូប នៅសាលប្រជុំសណ្ឋាគារ ភីអេនធី ផាលេស ត្បូងឃ្មុំ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ការជួបជុំគ្នានេះ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដែលនឹងផ្សារភ្ជាប់ មនោសញ្ចេតនានិងការងារក្នុងគោល បំណងពង្រឹងប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្មកសិកម្មប្រកបដោយនិរន្តរភាព មានភាពធន់ ធានាបានសន្តិសុខ ស្បៀង កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋប្រកបដោយ បរិយាប័ន្ន។ កម្មវិធីគោលនយោបាយអាទិភាពទី៥និងទី៦របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការ ដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តផ្តល់ អាទិភាពខ្ពស់ដល់វិស័យកសិកម្ម ដោយផ្តោតលើការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃ កសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ១០០លានដុល្លារ ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ និងការអភិវឌ្ឍ សហគមន៍កសិកម្មទំនើប។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានផ្តល់នូវការតម្រង់ទិសមួយចំនួនដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលក្រុង/ស្រុក ឃុំសង្កាត់ និងប្អូនៗមន្រ្តីកសិកម្មឃុំដូចតទៅ ៖
១-រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ ត្រូវផ្តល់ការគាំទ្រឲ្យបានពេញលេញ កក់ក្តៅដល់មន្រ្តីកសិកម្ម ក្នុងពេល បំពេញភារកិច្ចនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យប្រជាកសិករបានទទួលសេវាកសិកម្ម កាន់តែច្រើន។ ផ្តល់ឱកាសឲ្យមន្ត្រីកសិកម្មឃុំ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់ និងវេទិកានានានៅមូលដ្ឋាន។
២-មន្ត្រីកសិកម្មឃុំ ត្រូវសហការជាមួយរដ្ឋបាលឃុំ/សង្កាត់ មេភូមិ ធ្វើការប្រមូលទិន្នន័យកសិកម្មក្នុងមូលដ្ឋាន ឲ្យបានច្បាស់លាស់ ហើយកំណត់ឲ្យបាននូវមុខសញ្ញាផលិតកម្មកសិកម្មលេចធ្លោរក្នុងឃុំ ដើម្បីដាក់ចូលក្នុង គម្រោងផែនការអភិវឌ្ឍ ជាអាទិភាព
៣-ត្រូវរាយការណ៍បញ្ហាប្រឈមនិងតម្រូវការជាយថាហេតុតាមឋានានុក្រម ដើម្បីដាក់ចេញនូវដំណោះស្រាយ ឱ្យបានទាន់ពេលវេលា។
៣-កំណត់បញ្ហាប្រឈមនិងតម្រូវការដែលជាអាទិភាពតាមស្ថានភាពតំបន់ដែលខ្លួនទទួលខុសត្រូវ ដើម្បីដាក់ចេញ យន្តការដោះស្រាយប្រកបដោយប្រសិទ្ធភាពនិងបរិយាប័ន្ន
៤-ពង្រឹងសមត្ថភាពសហគមន៍កសិកម្មទាំងសហគមន៍ដែលមានកន្លងមកនិងសហគមន៍កសិកម្មទំនើប ឲ្យយល់ពីតួនាទី ភារកិច្ច ក្នុងការពង្រឹងខ្សែច្រវាក់ផលិតកម្មកសិកម្មដោយអនុវត្តយន្តការ ទិញរួម អនុវត្តរួម លក់រួម ក្នុងទិសដៅកាត់បន្ថយការចំណាយ លំនឹងថ្លៃ និរន្តរភាពទីផ្សារ ព្រមទាំងចលនាការចូលរួមចងក្រងជាសហគមន៍ កសិកម្មទំនើបបន្ថែមទៀត ស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល
៥-បង្កើនចំណេះដឹង ចំណេះធ្វើ និងធ្វើការផ្សព្វផ្សាយបន្តដល់កសិករប្រកបដោយគុណភាពនិងប្រសិទ្ធភាព ដើម្បីចូលរួមបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករកាន់តែប្រសើរឡើង។ ទន្ទឹមនេះ ក៏សំណូមពរដល់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយបណ្តុះបណ្តាលបន្ថែមដល់ មន្ត្រីកសិកម្មឃុំ អំពីកសិកម្មក្នុងបរិបទសេដ្ឋកិច្ចទីផ្សារសេរី បរិវត្តកម្មព័ត៌មានវិទ្យា ឌីជីថលភាវូបនីយកម្ម
៦-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាប្រឈមនានា ដែលមន្រ្តី កសិកម្មឃុំ ស្នើសុំអន្តរាគមន៍នៅមូលដ្ឋាន ឲ្យបានទាន់ពេលវេលា។
៧-រៀបចំក្រុមតេលេក្រាម ដើម្បីក្តាប់បានរហ័សអំពីបញ្ហាប្រឈមនិងតម្រូវការ ហើយងាយដាក់ចេញយន្តការអន្តេគមន៍ទាន់ពេលវេលា។