ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងកម្មវិធីមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិសង្កែថ្មី ឃុំមេមង ស្រុកមេមត់ ដែលមានការចូលរួមពីក្រុមប្រឹក្សាឃុំមេមង មន្ត្រីកសិកម្មឃុំ និងប្រជាពលរដ្ឋចំនួន ៤០នាក់ ក្នុងនោះស្រី ១៣នាក់។
សូមជម្រាបជូនថា រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានផ្ដល់អាទិភាពខ្ពស់ដល់វិស័យកសិកម្ម តាមរយៈកម្មវិធីគោលនយោបាយអាទិភាពទី៥និងទី៦ ដោយផ្ដោតលើការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ សង្កាត់ និងអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប។ ការប្រកាន់យករបបសេដ្ឋកិច្ចទីផ្សារសេរី ភាពប្រកួតប្រជែងជាកត្តាកំណត់ក្នុងការយកប្រៀបលើដៃគូ។ ការប្រកួតប្រជែងមានទាំងទំហំផលិតកម្ម គុណភាព(ស្តង់ដារ) សុវត្ថិភាព សេវា និងកត្តាចាំបាច់មួយចំនួនទៀត។ សហគមន៍កសិកម្ម នឹងប្រមូលផ្តុំទំហំផលិតកម្មឲ្យមានមាត្រដ្ឋានសេដ្ឋកិច្ច ជំរុញឲ្យអ្នកផលិត ប្រឹងប្រែងផលិតស្តង់ដាររួមមួយទាំងគុណភាព សុវត្ថិភាព ដែលជាតម្រូវការរបស់ទីផ្សារ ព្រមទាំងបង្រួមសេវាកាន់តែជិត ហើយងាយដល់អ្នកទិញ។
ក្រុមប្រឹក្សាភិបាលសហគមន៍ គណៈកម្មាធិការត្រួតពិនិត្យសហគមន៍ ត្រូវប្រឹងប្រែងអនុវត្តឲយបានត្រឹមត្រូវតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងដែលបានអនុម័តរួចហើយ ខិតខំផ្សព្វផ្សាយ ជំរុញការអនុវត្តគោលការណ៍ ទិញរួម អនុវត្តរួម លក់រួម ដើម្បីបង្កើតបានសកម្មភាពពាណីជ្ជកម្មរស់រវើកនិងមាននិរន្តរភាព។ ថ្នាក់ដឹកនាំសហគមន៍ ត្រូវសហការឲ្យបានល្អជាមួយរដ្ឋបាលឃុំ ស្រុក មន្ត្រីកសិកម្មឃុំ សុំគោលការណ៍ណែនាំពីគាត់ជាប្រចាំ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន។