កាលពីថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា(ទទក)ស្តីពីសក្តានុពលផលិតកម្មកសិកម្មក្នុងខេត្តត្បូងឃ្មុំនិងទិសដៅអភិវឌ្ឍន៍ នៅក្នុងចម្ការទុរេនរបស់កសិករ វ៉ាត វី ដែលបានដាំទុរេនលើផ្ទៃដី ២០ហិកតា ដែលមានទីតាំងចម្ការស្ថិតក្នុងភូមិក្បាលបឹងសេះកើត ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្នុំ។
លោកប្រធានមន្ទីរ បានរៀបរាប់សង្ខេបថា ផលិតកម្មកសិកម្មដែលមានសក្តានុពលក្នុងខេត្តត្បូងឃ្មុំ គឺដំណាំ ដំណាំកសិឧស្សាហកម្មនិងការចិញ្ចឹមសត្វ ដែលចំណូលពីផលិតកម្មកសិកម្មក្នុងមួយឆ្នាំៗមានប្រមាណជាង ៦០០លានដុល្លារអាមេរិក ស្ទើរស្មើ១/៣នៃទំហំផលិតផលសរុបក្នុងស្រុករបស់ខេត្ត(GDP)។ កៅស៊ូ ស្វាយចន្ទី ម្រេច ទុរេន ពោតក្រហម ថ្នាំជក់ ដំឡូងមី មង្ឃុត សាវម៉ាវ ជាដំណាំអាទិភាពក្នុងខេត្ត ហើយដំណាំស្រូវអាចផ្គត់ផ្គង់សម្រាប់ការប្រាស់ក្នុងស្រុកបាននិងអាចសល់សម្រាប់លក់ចេញថែមទៀត។ ផ្ទៃដីផលិតកម្មដំណាំសរុបមានប្រមាណជាង ២០០ ០០០ហិកតា។ ចំណែកការចិញ្ចឹមសត្វ ការចិញ្ចឹមលក្ខណៈកសិកដ្ឋានមានការរីកចម្រើន ដោយប្រជាពលរដ្ឋសហការជាមួយក្រុមហ៊ុនចិញ្ចឹមសត្វក្នុងស្រុក។ បរិមាណសាច់សត្វអាចផ្គត់ផ្គងការប្រើប្រាស់ក្នុងខេត្ត និងអាចនាំចេញលក់ទៅក្រៅខេត្តបានផងដែរ។
ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើពិធីសារស្តីពីការនាំផលិតផលកសិកម្ម ៣ប្រភេទ រួមមាន ផ្លែទុរេនស្រស់ សំបុកត្រចៀកកាំ និងសត្វក្រពើ ដើម្បីលក់ទៅកាន់ទីផ្សារប្រទេសចិន បានផ្តល់កាលានុវត្តភាពសម្រាប់ដំណាំទុរេនដែលមានដាំក្នុងខេត្តត្បូងឃ្មុំប្រមាណជាង ១ ០០០ហិកតា និងសំបុកត្រចៀកកាំផងដែរ។
ដើម្បីជំរុញការនាំចេញកសិផលទាំង២ប្រភេទដែលមាននេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកសិកម្មនិងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយអំពាវនាវដល់បងប្អូនម្ចាស់ចម្ការទុរេន សហគមន៍កសិកម្មទុរេន រោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែទុរេនស្រស់និងម្ចាស់ផ្ទះសំបុកត្រចៀកកាំ ដែលមានបំណងផលិតសម្រាប់គោលដៅនាំចេញទៅកាន់ទីផ្សារប្រទេសចិន ត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ រោងចក្រ និងកសិដ្ឋាន នៅអគ្គនាយកដ្ឋានទាំងពីរ។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏រង់ចាំជួយសម្របសម្រួលការងារដាក់ពាក្យស្នើសុំចុះបញ្ជីដល់បងប្អូនផងដែរ ដើម្បីបានចំណេញពេលវេលា និងថវិកាសម្រាប់កសិករ។
មន្ទីរ សូមអំពាវនាវដល់ម្ចាស់ចម្ការទុរេន ត្រូវចូលរួមអនុវត្តគោលការណ៍បច្ចេកទេស " ការអនុវត្តកសិកម្មល្អ( CamGAP) " ដើម្បីបញ្ចាក់ថាផលិតផលនោះ មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ឆ្លើយតបតាមលក្ខខណ្ឌតម្រូវការនាំចេញ ក៏ដូចជាកាត់បន្ថយចំណាយក្នុងផលិតកម្មនិងធានាសុវត្ថិភាពសុខភាពម្ចាស់ចម្ការផងដែរ។