ព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ដោយមានការណែនាំតម្រង់ទិសពីឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម សហការជាមួយរដ្ឋបាលស្រុកក្រូចឆ្មារ រដ្ឋបាលឃុំរកាខ្នុរ ចុះពិនិត្យដំណាំថ្នាំជក់និងពោតក្រហម និងសិក្សាដោះស្រាយសំណូមពរទឹកស្រោចស្រពដំណាំពោតក្រហមនិងថ្នាំជក់របស់ប្រជាកសិករ ក្នុងឃុំរកាខ្នុរ។
តាមការចុះពិនិត្យជាក់ស្តែង ផ្ទៃដីដំណាំពោតក្រហមនិងថ្នាំជក់ប្រមាណ ៥០០ហិកតា សងខាងស្ទឹងគគីរនិងផ្ទៃដីដំណាំពោតក្រហមនិងថ្នាំជក់ប្រមាណ ២០០ហិកតា សងខាងប្រឡាយបឹងត្រស់ ប្រឈមខ្វះទឹកស្រោចស្រពនាពេលខាងមុខ។ ពោតក្រហម ៥០% ថ្នាំជក់ ៥០%។
ចំពោះមុខបញ្ហាប្រឈមនេះ ឯកឧត្តម អភិបាលរងខេត្ត បានផ្តល់ការតម្រង់ទិស ៖
១~ចំពោះស្ទឹងគគីរ មន្ទីរធនធានទឹកនិងឧតុនិយម ត្រូវតម្លើងម៉ាស៊ីនបូមទឹក ២គ្រឿង បូមទឹកពីព្រែកប្រតី ទម្លាក់ចូលស្ទឹងតែម្តង។
២~ចំពោះប្រឡាយបឹងត្រស់ យើងមានប្រភពទឹកពីបឹងធំនិងសូឡាបូមទឹកពីព្រែកតាកុចរួចហើយ ដូច្នេះត្រូវការកាយបាតប្រឡាយត្រង់កន្លែងដែលរាក់ប្រមាណ ៣០០ម អាចដោះស្រាយទឹកបានហើយ។
ទន្ទឹមនេះ ឯកឧត្តមអភិបាលរងខេត្ត បានណែនាំឲ្យរដ្ឋបាលស្រុក រដ្ឋបាលឃុំ ត្រូវសម្របសម្រួលទីតាំងនិងចលនាការចូលរួមពីប្រជាកសិករសងខាងស្ទឹងនិងប្រឡាយ ចូលរួមសហការនិងប្រើប្រាស់ទឹកដោយសន្សំសំចៃ។