នៅរសៀលថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករាឆ្នាំ២០២៥
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញ មន្ត្រីកសិកម្មឃុំមៀន បានចុះពិនិត្យដំណាំស្រូវនិងជួបសំណេះសំណាលពិភាក្សាអំពីស្ថានភាពដំណាំស្រូវ បញ្ហាប្រឈម តម្រូវការ និងតម្រង់ទិសផលិតកម្មដំណាំស្រូវក្នុងបរិបទសេដ្ឋកិច្ចទីផ្សារសេរីនិងការប្រកួតប្រជែង នៅសហគមន៍កសិកម្មសាមគ្គីឃុំមៀន ដែលមានអ្នកចូលរួម ៣០រូប ក្នុងនោះស្រី ១១រូប នៅឃ្លាំងសហគមន៍កសិកម្ម ភូមិសោយ ឃុំមៀន ស្រុកអូររាំងឪ។
តាមរបាយការណ៍ពីលោកប្រធានសហគមន៍កសិកម្ម បង្ហាញថា ការដាំដុះស្រូវរដូវប្រាំងឆ្នាំនេះមានប្រមាណ ៥០០ហិកតា កើនឡើងមួយភាគបី ហើយគ្រោងប្រមូលផលនៅអំឡុងខែមិនា ដោយប្រើប្រាស់ប្រភពទឹកអណ្តូងនិងបឹងក្រពិត ហើយក៏កំពុងប្រឈមខ្វះទឹកស្រោចស្រពផងនិងបារម្មណ៍តម្លៃស្រូវផង ព្រោះថាការដាំដុះជាទូទៅ មិនបានគិតទីផ្សារនោះទេ ទាំងបរិមាណ គុណភាព លក់ឲ្យអ្នកណា តម្លៃប៉ុន្មាននោះទេ។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានលើកឡើងថា ការដាំដុះដោយមិនដឹងទីផ្សារ តម្លៃ បរិមាណ គុណភាព តម្រូវការពិតប្រាកដ គឺមានហានិភ័យខ្ពស់សម្រាប់កសិករ ចាប់តាំងពីការរៀប ចំដីរហូតដល់ប្រមូលផល។ ដេក ដើរ អង្គុយ ភ័យ បារម្មណ៍រហូត។ ឆ្នាំនេះ ទាក់ទងការបញ្ចេញអង្ករពីស្តុករបស់ប្រទេសឥណ្ឌា បានធ្វើឲ្យប៉ះពាល់ដល់តម្រូវការបញ្ជាទិញស្រូវ អង្ករលើទីផ្សារអន្តរជាតិ ក៏ដូចជានៅកម្ពុជា។ បើធៀបឆ្នាំ២០២៤ នាំឲ្យមានការយល់ច្រលំថា ស្រូវចុះថោក តែបើធៀបមុនឆ្នាំ២០២៤ គឺស្រូវស្ថិតក្នុងស្ថានភាពតម្លៃប្រហាក់ប្រហែលគ្នា។ ការណ៍ដែលគ្រប់ភាគី ទទួលបានចំណេញនោះជាទិសដៅរបស់យើងទាំងអស់គ្នា។ ដោយសារឥទ្ធិពលថ្លៃស្រូវ ឆ្នាំ២០២៤ បានធ្វើឲ្យការដាំស្រូវរដូវប្រាំង ឆ្នាំ២០២៤~២០២៥ កើនឡើងស្ទើរមួយជាពីរ។ ដូច្នេះក្នុងការចូលរួមដោះស្រាយបញ្ហាថ្លៃនិងទីផ្សារ សម្រាប់ពេលខាងមុខ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានតម្រង់ទិសឲ្យកសិករ សហគមន៍កសិកម្ម ផលិតស្រូវក្រអូបក្នុងស្រុក ហើយផ្គត់ផ្គង់តាមបណ្តារោងម៉ាស៊ីន ក្នុងស្រុក សម្រាប់គោលដៅនាំចេញ។ ទន្ទឹមនេះ លោកប្រធានមន្ទីរ បានផ្តល់អនុសាសន៍មួយចំនួន ៖
-ចូរប្តូរមកដាំដុះប្រភេទពូជស្រូវក្រអូបក្នុងស្រុក ដូចជាប្រភេទពូជសែនក្រអូប០១ ហើយភ្ជាប់ទៅកាន់ទីផ្សារ តាមកិច្ចសន្យាផលិតកម្មកសិកម្ម ដើម្បីរក្សាស្ថិរភាពថ្លៃនិងទីផ្សារ(រោងម៉ាស៊ីនកិនស្រូវនិងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម)
-ពិនិត្យលទ្ធភាពប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹក។ ក្នុងករណីខ្វះលទ្ធភាព យើងអាចចងក្រងជាក្រុមកសិករដែលមានក្បាលដីស្រែក្បែគ្នា ៤-៥គ្រួសារ ប្រើប្រាស់សូឡា ១
-ត្រូវពិនិត្យលទ្ធភាពស្តារបឹង ត្រពាំង ប្រឡាយ ដែលគោករាក់។ ជីកកូនស្រះ ប្រឡាយ ក្នុងស្រែ(ដីស្រែធំ) រក្សាទឹក ហើយអាចចិញ្ចឹមត្រីក្នុងស្រែ បង្កើតជាប្រព័ន្ធកសិកម្មចម្រុះ បង្កើនចំណូលបន្ថែម
-សហគមន៍កសិកម្ម ក៏ដូចជាកសិករម្នាក់ ត្រូវរៀបចំទុកដាក់លុយកាក់បម្រុង សម្រាប់ ដោះស្រាយករណីបន្ទាន់ ពេញជួបហានិភ័យម្តងៗ។ ពីមុនគេសន្សំក្នុងកូនជ្រូក តែបច្ចុប្បន្ន យើងអាចសន្សំក្នុងធនាគារ ដែលអាចទទួលបានការប្រាក់ថែមទៀត។