លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញជួបប្រជុំពិភាក្សាអំពីស្ថានភាពដំណាំស្រូវ បញ្ហាប្រឈម តម្រូវការ និងតម្រង់ទិសផលិតកម្មដំណាំស្រូវ
ចេញ​ផ្សាយ ០៥ កុម្ភៈ ២០២៥
28

នាថ្ងៃអាទិត្យ  ៦រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២០៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញនិងមន្ត្រីកសិកម្មឃុំដូនតីនិងឃុំកក់ ជួបប្រជុំពិភាក្សាអំពីស្ថានភាពដំណាំស្រូវ បញ្ហាប្រឈម តម្រូវការ និងតម្រង់ទិសផលិតកម្មដំណាំស្រូវក្នុងបរិបទសេដ្ឋកិច្ចទីផ្សារសេរីនិងការប្រកួតប្រជែង នៅសហគមន៍កសិកម្មរំដួលដូនតីនិងសហគមន៍សាមគ្គីកក់ ដែលមានអ្នកចូលរួម ៣២រូប ក្នុងនោះស្រី ១៥រូប នៅឃុំដូនតីនិងឃុំកក់ ស្រុកពញាក្រែក។
តាមរបាយការណ៍ពីសហគមន៍កសិកម្មទាំងពីរ បង្ហាញថា ការដាំដុះស្រូវរដូវប្រាំងឆ្នាំនេះកើនឡើងទ្វេរដង ហើយគ្រោងប្រមូលផលចាប់ពីពាក់កណ្តាលខែកុម្ភៈហើយកំពុងប្រឈមខ្វះទឹកស្រោចស្រពផងនិងបារម្មណ៍តម្លៃស្រូវផង ព្រោះថាការដាំដុះជាទូទៅ មិនបានគិតទីផ្សារនោះទេ ទាំងបរិមាណ គុណភាព លក់ឲ្យអ្នកណា តម្លៃប៉ុន្មាននោះទេ។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានលើកឡើងថា ការដាំដុះដោយមិនដឹងទីផ្សារ តម្លៃ បរិមាណ គុណភាព តម្រូវការ គឺមានហាភ័យខ្ពស់សម្រាប់អ្នកផលិត ចាប់ពីការរៀបចំដីរហូតដល់ប្រមូលផល ដេក ដើរ អង្គុយ ភ័យ បារម្មណ៍រហូត។ ឆ្នាំនេះ ទាក់ទងការបញ្ចេញអង្ករពីស្តុករបស់ប្រទេសឥណ្ឌា បានធ្វើឲ្យប៉ះពាល់ដល់តម្រូវការបញ្ជាទិញស្រូវ អង្ករលើទីផ្សារអន្តរជាតិ ក៏ដូចជានៅកម្ពុជា។ បើធៀបឆ្នាំ២០២៤ នាំឲ្យមានការយល់ច្រលំថា ស្រូវចុះថោក តែបើធៀបមុនឆ្នាំ២០២៤ គឺស្រូវស្ថិតក្នុងស្ថានភាពតម្លៃប្រហាក់ប្រហែលគ្នា។ ការណ៍ដែលគ្រប់ភាគី ទទួលបានចំណេញនោះជាទិសដៅរបស់យើងទាំងអស់គ្នា។ ដោយសារឥទ្ធិពលថ្លៃស្រូវ ឆ្នាំ២០២៤ បានធ្វើឲ្យការដាំស្រូវរដូវប្រាំង ឆ្នាំ២០២៤~២០២៥ កើនឡើងស្ទើរមួយជាពីរ។ ដូច្នេះក្នុងការចូលរួមដោះស្រាយបញ្ហាថ្លៃនិងទីផ្សារ សម្រាប់ពេលខាងមុខ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានតម្រង់ទិសឲ្យកសិករ សហគមន៍កសិកម្ម ផលិតស្រូវក្រអូបក្នុងស្រុក ហើយផ្គត់ផ្គង់តាមបណ្តារោងម៉ាស៊ីនក្នុងស្រុក សម្រាប់គោលដៅនាំចេញ។ ទន្ទឹមនេះ លោកប្រធានមន្ទីរ បានផ្តល់អនុសាសន៍មួយចំនួន ៖
-ប្រមូលផ្តុំដោយស្ម័គ្រចិត្តផ្លាស់ប្តូរមកដាំដុះប្រភេទពូជស្រូវក្រអូបក្នុងស្រុក ដូចជាប្រភេទពូជសែនក្រអូប០១ ហើយភ្ជាប់ទៅកាន់ទីផ្សារ តាមកិច្ចសន្យាផលិតកម្ម ដើម្បីរក្សាស្ថេរភាពថ្លៃនិងទីផ្សារ(រោងម៉ាស៊ីនកិនស្រូវនិងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម)                               
-ពិនិត្យលទ្ធភាពប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹក។ ក្នុងករណីខ្វះលទ្ធភាព យើងអាចចងក្រងជាក្រុមកសិករដែលមានក្បាលដីស្រែក្បែគ្នា ៤-៥គ្រួសារ ប្រើប្រាស់សូឡា ១
-ត្រូវពិនិត្យលទ្ធភាពស្តារបឹង ត្រពាំង ប្រឡាយ ដែលគោករាក់។ ជីកកូនស្រះ ប្រឡាយ ក្នុងស្រែ(ដីស្រែធំ) រក្សាទឹក ហើយអាចចិញ្ចឹមត្រីក្នុងស្រែ បង្កើតជាប្រព័ន្ធកសិកម្មចម្រុះ បង្កើនចំណូលបន្ថែម
-សហគមន៍កសិកម្មដែលមានឃ្លាំង ត្រូវពិចារណាបង្កើតមុខរបរបន្ថែមទិញស្រូវស្តុកទុកពេលរដូវច្រូតកាត់ ហើយលក់ចេញវិញពេលផុតរដូវប្រមូលផលស្រូវ
-សហគមន៍កសិកម្ម ក៏ដូចជាកសិករម្នាក់ ត្រូវរៀបចំទុកដាក់លុយកាក់បម្រុង សម្រាប់ ដោះស្រាយករណីបន្ទាន់ ពេញជួបហានិភ័យម្តងៗ។ ពីមុនគេសន្សំក្នុងកូនជ្រូក តែបច្ចុប្បន្ន យើងអាចសន្សំក្នុងធនាគារ ដែលអាចទទួលបានការប្រាក់ថែមទៀត។

 

ចំនួនអ្នកចូលទស្សនា
Flag Counter