ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចុះពិនិត្យនិងសួរសុខទុក្ខប្រជាកសិករក្នុងឃុំទ្រា ឃុំប៉ើស២ និងឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តតត្បូងឃ្មុំ
ចេញ​ផ្សាយ ០៩ មករា ២០២៥
28

នៅព្រឹកថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចុះពិនិត្យនិងសួរសុខទុក្ខប្រជាកសិករក្នុងឃុំទ្រា ឃុំប៉ើស២ និងឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តតត្បូងឃ្មុំ។ ក្នុងឱកាសនោះ ឯកឧត្តម បានមានប្រសាសន៍ថា ក្រោមម្លប់សន្តិភាពនិងកម្មវិធីនយោបាយត្រឹមត្រូវ ម៉ឺងម៉ាត់ ប្រកបដោយសុឆន្ទៈមោះមុត យើងបានប្រើគ្រប់មធ្យោបាយ ដើម្បីរកចំណូលទ្រទ្រង់ជីវភាពគ្រួសារ។ គ្មានថ្ងៃ៧ មករា ប្រហែលជាគ្មានអ្វីៗដូចសព្វថ្ងៃ គ្មានឱកាសបង្កើតមុខរបរគ្រប់បែបយ៉ាងដូចសព្វថ្ងៃនោះទេ។ ការអនុវត្តត្រឹ មត្រូវតាមបង្គុំបច្ចេកទេសនិងមានការគាំពាប្រព័ន្ធស្រោចស្រព នឹងកាត់បន្ថយថ្លៃដើមផលិត អាចឲ្យយើងទទួលបានចំណូលពីការដាំដុះរបស់យើងកាន់តែច្រើន។ ទាក់ទងបញ្ហាប្រឈមខ្វះទឹកស្រោចស្រពដំណាំស្រូវ ឯកឧត្តម បានណែនាំឲ្យរៀបចំម៉ាស៊ីនបូមទឹកបន្ទាន់ជូនប្រជាពលរដ្ឋ។ ករណីអាងទឹក បឹង ដែលគោករាក់ ឯកឧត្តម បានចាត់ចែងឲ្យរដ្ឋបាលខេត្ត រដ្ឋបាលស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ សិក្សានិងដាក់ចេញយន្តការស្តារឲ្យបានឆាប់រហ័ស ដើម្បីបញ្ចប់បញ្ហាប្រឈមខ្វះទឹក សម្រាប់រដូវកាលបន្តបន្ទាប់។ ឯកឧត្តម ក៏បានណែនាំឲ្យប្រជាកសិករធ្វើការប្រើប្រាស់ទឹកដោយសន្សំសំចៃ មិនត្រូវបូមទឹកចោលតែក្នុងគោលបំណងចាប់ត្រីនោះទេ។ ជាមួយគ្នានោះ ឯកឧត្តម បានសំណូមពរដល់ប្រជាកសិករ ធ្វើការផលិតប្រភេទពូជស្រូវតែមួយ ក្នុងភូមិសាស្ត្រតែមួយ ដើម្បីច្បាមយកទីផ្សារជាក់លាក់ណាមួយ ជៀសវាងការផលិតពូជច្រើនប្រភេទក្នុងពេលតែមួយ។

ចំនួនអ្នកចូលទស្សនា
Flag Counter