អត្ថប្រយោជន៍ឡជីវឧស្ម័ន រោងជីកំប៉ុស្ត៍ និងមូលនិធីបៃតងក្នុងយន្តការបង្កើតភាពធន់នឹងការប្រែប្រួលអាកាសធាតុ
ចេញ​ផ្សាយ ០៩ មករា ២០២៥
25

រសៀលថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងជាប្រធានអង្គភាពអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយលោក សយ ទូច អភិបាលនៃគណៈអភិបាលស្រុកក្រូចឆ្មារ ជួបប្រជុំផ្សព្វផ្សាយពីអត្ថប្រយោជន៍ឡជីវឧស្ម័ន រោងជីកំប៉ុស្ត៍ និងមូលនិធីបៃតងក្នុងយន្តការបង្កើតភាពធន់នឹងការប្រែប្រួលអាកាសធាតុដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋក្នុងឃុំរកាខ្នុរចំនួន ៣៥នាក់ នៅសាលាឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលស្រុុកក្រូចឆ្មារ លោកមេឃុំ ក្រុមប្រឹក្សាឃុំរកាខ្នុរ។
ក្នុងឱកាសនោះដែរ ក្រុមការងារ បានលើកឡើងពីកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនីតិកាលទី៧នៃរដ្ឋសភាព គឺជំរុញការបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីប្រមូលផ្តុំកម្លាំងផលិតកម្មឲ្យមានមាត្រដ្ឋានសេដ្ឋកិច្ច ឈានទៅរកការរក្សាលំនឹងទីផ្សារកសិផល។ ទន្ទឹមនោះ ការសម្រេចឲ្យអនុវត្តគម្រោងនានា ដើម្បីគាំទ្រដល់សហគមន៍កសិកម្ម ក៏ដូចជាកសិករ ក្នុងការធ្វើផលិតកម្មកសិកម្មវៃឆ្លាត ក្នុងគោលបំណងកាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនទិន្នផលជាមួយគុណភាពផលិតផល ដែលឆ្លើយតបតម្រូវការរបស់ទីផ្សារ។ ជាក់ស្តែង កម្មវិធីឡជីវឧស្ម័ន តាមរយៈគម្រោង រាជរដ្ឋាភិបាល បានផ្តល់នូវការគាំទ្រពិសេស ហើយកសិករដែលជាវឡជីវឧស្ម័ន នឹងចូលរួមចំណាយក្នុងកម្រិតតិចតួចប៉ុណ្ណោះ ហើយតាមរយៈមូលនិធិបៃតង នឹងផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប សម្រាប់សកម្មភាពកសិកម្មដែលមានភាពធន់ទៅនឹងអាកាសធាតុ។ តាមរយៈគំ្រោងនេះ រាជរដ្ឋាភិបាល ក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធជាឃ្លាំងនិងផ្លូវដល់សហគមន៍កសិកម្មផងដែរ។
ដូច្នេះ ការជាវឡជីវឧស្ម័ន តាមរយៈគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន ជាឱកាសរបស់កសិករ។

ចំនួនអ្នកចូលទស្សនា
Flag Counter