រសៀលថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ដដែល លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហការជាមួយលោក សយ ទូច អភិបាលនៃគណៈអភិបាលស្រុកក្រូចឆ្មារ រួមដំណើរពីលោក ស៊ុំ រ៉ា អភិបាលរងនៃគណៈអភិបាលស្រុកក្រូចឆ្មារ បានចុះពិនិត្យដំណើរការដាំដុះដំណាំថ្នាំជក់របស់ប្រជាកសិករនៅឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ។
តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បង្ហាញថា ខេត្តត្បូងឃ្មុំ មានផ្ទៃដីដាំដំណាំថ្នាំជក់ប្រមាណ ១ ៦៨៥ហិកតា ក្នុងស្រុកក្រូចឆ្មារ ១ ៤១០ហិកតានិងស្រុកត្បូងឃ្មុំ ២៧៥ហិកតា ដែលមានប្រជាកសិករដាំថ្នាំជក់ប្រមាណ ១ ៦០០គ្រួសារ ដោយដាំប្រភេទថ្នាំកូតាប(១ ០៨០ហិកតា)និងថ្នាំខ្មែរ(៣៣៥ហិកតា)។
រៀងរាល់ឆ្នាំ ទីផ្សារថ្នាំជក់ ត្រូវនាំចេញទៅប្រទេសវៀតណាមចន្លោះពី ៧០%-៨០% ប្រទេសចិនចន្លោះ២%-៥% និងលក់ក្នុងស្រុកចន្លោះពី២០%-២៥%។
នៅឆ្នាំ២០២៣កន្លងទៅ ថ្នាំជក់ឆ្នាំមានតម្លៃចន្លោះពី១០ ០០០៛-១២ ០០០៛/គ.ក្រ សម្រាប់ប្រភេទថ្នាំកូតាបស្ងួតនិង តម្លៃពី ២០ ០០០-២៣ ០០០៛/គ.ក្រ សម្រាប់ប្រភេទថ្នាំខ្មែរ(ថ្នាំខ្លាំង)។ បើតាមព័ត៌មានឆ្នាំ២០២៥ខាងមុខនេះ តម្លៃអាចកាន់តែល្អប្រសើរជាង។
សម្រាប់ប្រភេទថ្នាំជក់នេះ ក្រុមការងារ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាកសិករ ត្រូវចងក្រងជាសហគមន៍កសិកម្មទំនើប ស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនីតិកាលទី៧នៃរដ្ឋសភាពផងដែរ ដើម្បីប្រមូលផ្តុំកម្លាំងផលិតកម្មឲ្យមានមាត្រដ្ឋានសេដ្ឋកិច្ច ឈានទៅរកការរក្សាលំនឹងទីផ្សារកសិផល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម