ថ្នាក់ដឹកនាំមន្ទីរ និងសហការីអញ្ជើញចុះពិនិត្យស្រូវដែលប្រឈមខ្វះខាតទឹកនៅឃុំប៉ើស១ ស្រុកក្រូចឆ្មារ និងណែនាំតម្រង់ទិសបច្ចេកទេសដាំដុះស្រូវ
ចេញ​ផ្សាយ ១១ ធ្នូ ២០២៤
15

នាព្រឹកថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ០២៤ដដែល លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំនិងលោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ បានចុះពិនិត្យស្រូវដែលប្រឈមខ្វះខាតទឹកនៅឃុំប៉ើស១ ស្រុកក្រូចឆ្មារ និងណែនាំតម្រង់ទិសបច្ចេកទេសដាំដុះដំណាំស្រូវមួយ ចំនួន។
តាមលោកមេឃុំប៉ើស១ បានររៀបរាប់ថា តាមដងអូរកាហែរនេះ មានប្រជាពលរដ្ឋ ១៣៥ គ្រួសារ បានដាំដុះស្រូវ ស្រាលលើផ្ទៃដីប្រមាណជាង ២០០ហិកតា ដោយប្រើប្រាស់ទឹកតែក្នុងអូរកាហែនិងទឹកអណ្តូងបូមពីក្រោមដី ដែលពេលនេះស្រូវមានអាយុ២ខែ ហើយហើយកំពុងប្រឈមខ្វះទឹក ព្រោះមិនមានប្រភពសម្រាប់បូមអន្តរាគមន៍នោះទេ។ កន្លងមក មន្ទីរធនធានទឹកនិងឧតុនិយម បានផ្តល់ប្រេងម៉ាស៊ីនមួយចំនួនមកហើយដែរ ដែលធ្វើឲ្យស្រូវនៅអាចរស់បានមួយរយៈទៀតបាន។
ស្ថិតក្នុងស្ថានភាពនេះ ក្រុមការងារបានលើកឡើងអំពី ៖
ការៀបចំដី សុំឲ្យរាបស្មើល្អ ជាការសំខាន់ ដែលនឹង អាចកម្ចាត់ស្មៅបាន ប្រើ ប្រាស់ទឹកតិច ស្រូវដុះលូតលាដបានល្អ។ កសិករ មិនត្រូវរួញរាចំណាយក្នុងការពង្រាបដីឲ្យស្មើនោះទេ កាលណាដីរាបស្មើហើយ នៅឆ្នាំបន្តបន្ទាប់កសិករមិនត្រូវចំណាយច្រើនទៀតទេ តែផលចំណេញ នឹងមានជារហូត។
ការបូមទឹកដាក់ស្រែ កសិករមិនត្រូវប្រណាំង ប្រជែងគ្នាបូមទឹកដាក់ស្រែនោះទេ ទោះស្រូវត្រូវការទឹក តែមិនមែនជារុក្ខជាតិទឹកនោះទេ។ កសិករ មិនត្រូវដាក់ទឹកច្រើនហួសហេតុទេ កសិករ អាចធ្វើកំណត់ចំណាំរវាងដើមស្រូវក្នុងស្រែនិងដើមស្រូវតាមភ្លឺស្រែ មួយណាដុះល្អជាង។​ ដោយសារដើមស្រូវតាមភ្លឺស្រែមិនលិចទឹកជាប្រចាំ គឺគ្រាន់តែដីសើម ដើមស្រូវដុះល្អណាស់។ ដោយឡែកនៅពេលស្រូវដាក់កួរ កសិករ ត្រូវតែបង្ហូរទឹកចេញ ដើម្បីឲ្យផ្លែឆាប់ទុំ។
កសិករ ត្រូវចេះរក្សាទុកពូជដោយខ្លួនឯង។ កសិករ ត្រូវទុកផ្នែកណា មួយនៃវាលស្រែដែលស្រូវផ្តល់ផលល្អ រួចធ្វើការសម្អាតក្នុងស្រែនូវពូជលាយ ដើមស្មៅ ចោលឲ្យអស់។ ពេលប្រមូលផល ត្រូវច្រូតដោយដៃ និងបោកបែនសម្ងួត ទុកដាក់ឲ្យបានត្រឹមត្រូវ ជាការ ស្រេច។
កសិករ ត្រូវចូលរួមចង ក្រងជាសហគមន៍កសិកម្មទំនើប ស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនឹងទទួលបានផលចំណេញទាំងការទិញចូលនិងលក់ចេញ។ សហគមន៍កសិកម្ម ងាយទទួលបានគម្រោងអភិវឌ្ឍន៍ ងាយទទួលបានភាពអនុគ្រោះពីកម្មវិធី។ សហគមន៍កសិកម្ម ប្រមូលផ្តុំកម្លាំងផលិតបានទាំងបរិមាណនិងគុណភាព បង្កើតបានមាត្រដ្ឋានសេដ្ឋកិច្ច អំណោយផលដល់ការផ្សារភ្ជាប់ទៅកាន់ទីផ្សារប្រកបដោយនិរន្តរភាព។
ការមិនអនុវត្តបានត្រឹមត្រូវតាមបង្គុំបច្ចេកទេសកសិកម្ម ការមិនបានចូលរួមអនុវត្តត្រឹមត្រូវតាមវិធានគ្រប់គ្រងនិងទីផ្សារនោះ ការចំណាយលើដំណើរការផលិតកម្មនៅតែខ្ពស់ ទីផ្សារនៅតែបែបឆក់កណ្តៀត អត្រាចំណេញនៅតែទាបមិនសក្តិសមនឹងការលះបង់។

ចំនួនអ្នកចូលទស្សនា
Flag Counter