នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចុះពិនិត្យខ្សែច្រវាក់ផលិតកម្មដំណាំម្រេចនៅស្រុកមេមត់និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ នៅភូមិជាច ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយទទួលការស្វាគមន៍ពីឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមានការចូលរួមអមដំណើរពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ តំណាងក្រុមហ៊ុនពាក់ព័ន្ធម្រេច ជាច្រើនរូប។
ចំពោះមុខអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមឯកអគ្គរដ្ឋទូត បានសំដែងនូវការកោតសរសើរចំពោះកសិករដែលដាំម្រេច ប្រឹងប្រែងថែទាំដំណាំ ដោយអនុវត្តគោលការណ៍បច្ចេកទេសដែលមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលសង្ឃឹមថា ម្រេចដែលនឹងទទួលបាន មានគុណភាព មានស្តង់ដារ ឆ្លើយតបទៅនឹងតម្រូវទីផ្សារ ជាពិសេសបំពេញបានលក្ខខណ្ឌតម្រូវរបស់ក្រុមហ៊ុនទិញម្រេចទាំង៣គឺ សិលាភេបភ័រ ហ្វុក និងអូរឡាំ ដែលតែងប្រមូលទិញជារៀងរាល់ឆ្នាំ។