លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី ចុះពិនិត្យដំណាំស្រូវដែលរងការជន់លិចពីរបបទឹកទន្លេមេគង្គ
ចេញ​ផ្សាយ ២៧ កញ្ញា ២០២៤
51

ព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី សហការជាមួយក្រុមការងារឃុំប៉ើស១ ប៉ើស២ ស្វាយឃ្លាំង ក្រូចឆ្មារ និងឃុំទ្រា ស្រុកក្រូចឆ្មារ ចុះពិនិត្យដំណាំស្រូវដែលរងការជន់លិចពីរបបទឹកទន្លេមេគង្គដែលហក់ឡើងយ៉ាងគំហុកជាថ្មីប៉ុន្មានថ្ងៃនេះ។ តាមការរៀបរាប់របស់កសិករនិងមូលដ្ឋាន បញ្ជាក់ថា ដំណាំស្រូវច្រើនរយហិកតា បានជន់លិចរយៈពេល៤ថ្ងៃមកនេះ ដែលស្រូវទាំងនោះមានអាយុចាស់បំផុត ១ខែ។
បន្ទាប់ពីក្រុមការងារលើកឡើងថាភូមិសាស្ត្រទាំងនេះរងហានិភ័យខ្ពស់ណាស់ត្រូវជន់លិច ព្រោះជាតំបន់ទំនាបលិចទឹករបបទឹកទន្លេមេគង្គ ហើយជារដូវទឹកឡើងថែមទៀត កសិករ បានលើកឡើងថា ប៉ុន្មានឆ្នាំមុនទឹកតូច ហើយបានឆ្មក់ដាំស្រូវទទួលបានផលជាបន្តបន្ទាប់។ ដូច្នេះ ឆ្នាំនេះ ទោះបីមានព័ត៌មានទឹកធំ កសិករ ចេះតែប្រថុយទៅ។
ចំពោះមុខស្ថានភាពនេះ យើងមិនអាចធ្វើអ្វីដែលជាដកម្មភាពអន្តរាគមន៍បាននោះទេ គឺត្រូវបន្តតាមដាននិងវាយតម្លៃខូចខាត។  ដោយស្រូវមានអាយុខ្លីនៅឡើយ យើងត្រូវតាមដានរយៈពេលមួយសប្តាហ៍ទៀត នឹងអាចវាយតម្លៃបាន។ លទ្ធភាពដាំដុះឡើងវិញ ត្រូវរង់ចាំរហូតចប់បុណ្យភ្ជុំបិណ្ឌ ឬ ទឹកត្រូវហូរស្រកទៅវិញ ហើយធ្វើស្រូវប្រដេញទឹក។
ដូច្នេះសូមឲ្យបងប្អូនកសិករ ត្រៀមពូជស្រូវដែលមានប្រភពច្បាស់លាស់ មានភាពសុទ្ធខ្ពស់ រៀបចំភ្លឺស្រែឲ្យបានល្អប្រសើរ។ រដ្ឋបាលឃុំ ត្រូវស្រង់ទិន្នន័យលិចលង់ច្បាស់លាស់ រាយការណ៍ និងអន្តរាគមន៍ដោះស្រាយស្បៀងដល់គ្រួសារកសិករក្រីក្រដែលចំណូលពឹងផ្អែកលើការងារតំបន់លិចលង់។

ចំនួនអ្នកចូលទស្សនា
Flag Counter