សហគមន៍កសិកម្ម ប្រមូលផ្តុំកម្លាំងផលិតដើម្បីពង្រីកទំហំសេដ្ឋកិច្ចមាត្រដ្ឋាន ផ្តល់ឱកាសទីផ្សារនិងតម្លៃកសិផលល្អប្រសើរ
នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលស្រុកត្បូងឃ្មុំ មេឃុំបឹងព្រួល គាំទ្រដោយកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទនិងពាណិជ្ជកម្មផលិតផលកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមជាអធិបតីក្នុងមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មក្នុងឃុំបឹងព្រួល ដែលមានសមាសភាពប្រជាកសិករចូលរួម ១៣០នាក់។
ក្នុងអអ្គមហាសន្និបាត បានធ្វើការបោះឆ្នោតអនុម័តលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងសហគមន៍ បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរួមមាន ក្រុមប្រឹក្សាភិបាលសហគមន៍ចំនួន ៧រូប គណៈកម្មាធិការត្រួតពិនិត្យសហគមន៍ចំនួន ៣រូប។
ក្នុងឱកាសនោះ លោក ហេង ពិសិដ្ឋ បានជម្រាបជូនថ្នាក់ដឹកនាំសហគមន៍ដែលទើបទទួលបានទំនុកចិត្តបោះឆ្នោតពីអង្គសន្និបាត ត្រូវប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត ដឹកនាំ គ្រប់គ្រង ដោយរក្សានូវសាមគ្គីភាពផ្ទៃក្នុង អនុវត្តតាមលក្ខន្តកៈនិងបទបញ្ជាផ្ទៃក្នុងឲ្យបានត្រឹមត្រូវ។ ត្រូវប្រមូលទិន្នន័យមុខសញ្ញាផលិតកម្មកសិកម្មឲ្យបានគ្រប់ជ្រុងជ្រោយ រៀបចំផែនការអាជីវកម្មច្បាស់លាស់ ដោយមានការអនុម័ត្តយល់ព្រមពីសមាជិក។ ជួរថ្នាក់ដឹកនាំត្រូវ ត្រូវមានការប្រជុំ ពិភាក្សាគ្នាឲ្យបានញឹកញាប់មុនធ្វើអ្វីមួយ។ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានចាត់ទុកសហគមន៍កសិកម្ម ជាកម្លាំងចលករជំរុញការអភិវឌ្ឍវិស័យកសិកម្មទាំងបរិមាណនិងគុណភាព តម្រង់ទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងបង្កើតការងារនិងទទួលបានតម្លៃសមរម្យ។