នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ អមដំណើរដោយលោក ដុក សាវឿន ប្រធាន ការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម សហការជាមួយលោកស្រី ទី លីហ្វាន់ អភិបាលរងនៃគណៈអភិបាល ស្រុកមេមត់ អមដំណើរដោយលោក ណុប ណាង ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេមត់ លោកក្រុមប្រឹក្សាឃុំមេមង មេភូមិជាច ចុះពិនិត្យដំណាំស្រូវដែលប្រឈមគ្រោះរាំងស្ងួតនៅភូមិជាច ឃុំមេមង។
តាមការពិនិត្យជាក់ស្តែង ស្រូវដែលស្ថិតនៅទីខ្ពស់ប្រឈមខ្វះខាតទឹកសម្រាប់ដំណុះ ដោយឡែកស្រូវទីទំនាបមិនជា បញ្ហានោះទេ។ តាមប្រសាសន៍លោកក្រុមប្រឹក្សាឃុំ ស្រូវនៅទីខ្ពស់ដែលប្រឈមខ្វះទឹកមាន២ភូមិគឺភូមិជាចនិងភូមិ... តែមិនទាន់អាចកំណត់ថាមានផ្ទៃដីទំហំប៉ុន្មាននៅឡើយ។ តាមការពិនិត្យនិងវាយតម្លៃ ស្រែនៅទីខ្ពស់នេះ មានទំហំ តូចៗ អាចខូចករណីមិនបានទទួលទឹកភ្លៀងក្នុងរយៈពេលលើសពី១០ថ្ងៃខាងមុខ។ បើរាំងស្ងួតរហូតខូចខាត ផ្ទៃដី ទាំងនេះ មិនអាចដាំស្រូវស្តារឡើងវិញបាននោះទេ។
ចំពោះមុខករណីនេះ ក្រុមការងារ បានណែនាំឲ្យលោកមេភូមិ ស្រង់ឈ្មោះគ្រួសារកសិករដែលមានស្រូវប្រឈម ខ្វះទឹកនេះ ដោយបញ្ជាក់ពីទំហំផ្ទៃដីឲ្យបានច្បាស់លាស់រួច រាយការណ៍មកឃុំ ឃុំមកស្រុក ស្រុកមកខេត្ត។
ទន្ទឹមនេះ ក្រុមការងារ បានផ្តល់យោបល់តម្រង់ទិសគួរដាំស្រូវអាយុកាលខ្លី(ស្រូវស្រាល)វិញសម្រាប់ឆ្នាំក្រោយ។ ក្នុងឆ្នាំ នេះ ទោះខូចឬបានច្រូតកាត់ គឺនៅក្រោយប្រមូលផល កសិករ គួរបន្តដាំដំណាំបន្លែផ្លែ កុំទុកដីចោលទំនេរដូចជា ឪឡឹក ឬ ត្រឡាច ឬ ល្ពៅជាដើម។
ក្នុងឱកាសនោះដែរ ក្រុមការងារ ក៏បានផ្តល់យោបល់ដល់លោកមេភូមិ ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលចិញ្ចឹមគោ ត្រូវប្រមូលលាមកគោដាក់ក្នុងធុង ឬ រណ្តៅ ត្រឹមត្រូវ ដើម្បីរក្សាសមាសធាតុចិញ្ចឹម(ជី)ក្នុងលាមកគោបានល្អនិងមិន បាត់បង់បរិមាណលាមកគោ។ ការដាក់លាមកគោហាលថ្ងៃ មិនមែនជាវិធីសាស្ត្រល្អនោះទេ សារធាតុចិញ្ចឹម(ជី)នឹងបាត់ បង់ទៅក្នុងបរិយាកាសអស់ លាមកគោនឹងសល់តែកាកសំណល់ត្រឹមតែធ្វើឲ្យដីធូរប៉ុណ្ណោះ។