ព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ រិទ្ធីថា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំឯ.ឧ ចាន់ សុវត្ថិភាព អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអមដំណើរពីថ្នាក់ដឹកនាំ មន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ មន្ត្រីជំនាញអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយលោកអភិបាលស្រុកអូររាំងឪ រដ្ឋបាលឃុំគងជ័យ ទូលសុភី ចក និងឃុំដំរិល ចុះស្រាវជ្រាវ ពិនិត្យវត្តមានរុយសលើដំណាំស្រូវនៅភូមិស្រែជ័យ ឃុំគងជ័យ ភូមិទួលសុភី ឃុំទួលសុភី ភូមិចក ឃុំចក ភូមិសំស្នេហ៍ ឃុំដំរិល សង្កេតឃើញថា មានវត្តមានរុយសក្នុងអត្រារង្វង់ ៣-៥ក្បាល/ដើម។
ចំពោះមុខបញ្ហានេះ ឯកឧត្តម បានផ្តល់ពេលវេលាដល់មន្ត្រីជំនាញធ្វើការផ្សព្វផ្សាយបង្ហាញពីវិធីសាស្ត្រសង្កេត តាមដានវត្តមានរុយស កម្រិតបំផ្លាញ វិធីសាស្ត្រទប់ស្កាត់និងកម្ចាត់ ព្រមទាំងវិធីសាស្ត្រកែលម្អដល់អ្នកចូលរួមទាំងអស់។
ឯកឧត្តម បានមានប្រសាសន៍សំណូមពរដល់រដ្ឋបាលស្រុក ឃុំ មន្ត្រីកសិកម្មឃុំ មេភូមិ បងប្អូនប្រជាកសិករដែលមកចូលរួម ជួយផ្សព្វផ្សាយបន្តនិងចូលរួមអនុវត្តកម្ចាត់រុយសឲ្យបានព្រមគ្នា ធ្វើកន្លែងនេះ កន្លែងនោះមិនធ្វើ នោះមិនអាចកម្ចាត់រុយសបាននោះទេ។ ឯកឧត្តម បានណែនាំបន្ថែមករណីមានបញ្ហាកសិកម្ម សុំរាយការណ៍ជាបន្ទាន់ទៅមន្ត្រីកសិកម្មឃុំតាមឃុំនីមួយៗ។