ព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យនិងណែនាំតម្រង់ទិសវិធានការទប់ស្កាត់និងកម្ចាត់ដង្កូវហ្វូងដែលកំពុងរាតត្បាតលើដំណាំ ស្រូវនិងដំឡូងមីរបស់កសិករនៅឃុំដូនតី ឃុំកក់ ឃុំកណ្តោលជ្រុំ និងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ចំពោះមុខស្ថានភាពការរាតត្បាតដោយដង្កូវហ្វូងនេះ វិធានការប្រើថ្នាំគីមីចាំបាច់។ ដើម្បីកាត់បន្ថយការចំណាយលើថ្នាំគីមីនិងបង្កើនប្រសិទ្ធភាពថ្នាំលើដង្កូវ កសិករ ត្រូវរៀបចំជម្រកស្លឹកឈើឲ្យដង្កូវជ្រកពេលថ្ងៃក្តៅខ្លាំង ដោយកសិករត្រូវកាត់ស្លឹកដាក់ជាជម្រកជាច្រើនកន្លែងក្នុងស្រែឬចម្ការនៅចំពីមុខទិសដង្កូវរាតត្បាតបន្ត នាពេលព្រឹកព្រលឹម។ នៅពេលថ្ងៃចាប់ឡើងកម្តៅ ដង្កូវនឹងទៅជ្រកនៅទីនោះ ហើយនៅពេលរសៀលចន្លោះម៉ោង 4-5 យើងបើកគម្របស្លឹកឈើទាំងនោះចេញ យើងនឹងឃើញដង្កូវទាំងហ្វូងតែម្តងដែលយើងអាចធ្វើការកម្ទេចទាំងអស់បានយ៉ាងងាយស្រួល គឺចំណាយថ្នាំបន្តិចបន្តួចនិងពេលវេលាខ្លីប៉ុណ្ណោះ។ បើមានចិញ្ចឹមមាន់ ទ្រា ឬ ត្រី អាចប្រមូលធ្វើជាចំណីត្រី មាន់ ទា បាន។