នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៤
លោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម បានសហការជាមួយមន្រ្តីផ្សព្វផ្សាយកសិកម្មឃុំដូនតី និងក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ដឹកនាំដោយលោក កង សារ៉េត ប្រធានការិយាល័យការពារដំណាំ ចុះពិនិត្យនិងចាត់វិធានការគ្រប់គ្រងសមាសភាពចង្រៃលើដំណាំស្រូវ នៅឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តាមការចុះពិនិត្យផ្ទាល់នៅទីវាលឃើញថាដំណាំស្រូវស្ថិតនៅក្នុងដំណាក់កាលសំណាប (២៣ថ្ងៃក្រោយព្រោះ) ក្នុងនោះឃុំដូនតី មានផ្ទៃដីបង្កបង្កើនផលស្រូវសរុបប្រមាណ ៦ ៨៣៧ហិកតា ប៉ុន្តែផ្ទៃដីដែលទទួលរងផលប៉ះពាល់ពីការបំផ្លាញរបស់ដង្កូវហ្វូងមានចំនួនប្រមាណ ៥៥ហិកតា (ស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន) ដោយកម្រិតនៃការបំផ្លាញលើដំណាំស្រូវតិចជាង ៥% ព្រោះដង្កូវហ្វូងភាគច្រើនស៊ីស្មៅលើភ្លីស្រែ។ ក្រៅពីដង្កូវហ្វូងក៏មានវត្តមានសមាសភាពចង្រៃកំពុងរាតត្បាតលើដំណាំស្រូវផងដែរ នោះគឺសត្វល្អិតរុយស ដែលមានដង់ស៊ីតេចំនួន ២-៣ក្បាល/ដើមស្រូវផងដែរ។
អនុសាសន៍របស់ក្រុមការងារ
−ណែនាំកសិករបន្តតាមដានវត្តមានរបស់សមាសភាពចង្រៃដែលកំពុងកើតមាននៅក្នុងស្រែជាប្រចាំ និងធ្វើការរាយការណ៍ដល់មន្រ្តីបច្ចេកទេសកសិកម្ម។
−ណែនាំដល់កសិករអំពីវិធានការការពារលើការប្រើប្រាស់អន្ទាក់ជូរអែម
−ណែនាំដល់កសិករដែលកំពុងប្រើប្រាស់ថ្នាំកសិកម្មក្នុងការកម្ចាត់សត្វល្អិតចង្រៃត្រូវជ្រើសរើស និងប្រើប្រាស់ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ និងផ្លាស់ប្តូរសារធាតុសកម្មដើម្បីកុំឱ្យសត្វល្អិតចង្រៃមានភាពស៊ាំនឹងថ្នាំកសិកម្ម។
−បានចែកជូនឯកសារបច្ចេសលើវិធានការគ្រប់គ្រងសមាសភាពចង្រៃលើដំណាំស្រូវដល់មន្រ្តីផ្សព្វផ្សាយសិកម្មឃុំ និងកសិករចូលរួម។