គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាននៃមន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានសម្របសម្រួលរៀបចំវវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធផលិតកម្មកសិកម្មអភិរក្ស
ចេញ​ផ្សាយ ១០ មិថុនា ២០២៤
85

ត្បូងឃ្មុំ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤
អង្គភាពអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាននៃមន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានសម្របសម្រួលរៀបចំវវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធផលិតកម្មកសិកម្មអភិរក្ស ក្រោមអធិបតីភាព លោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងឲ្យសិក្ខាមយល់ដឹងពីគោលការណ៍ប្រព័ន្ធផលិតកម្មកសិកម្មអភិរក្សចំនួន៣សំខាន់ៗ៖
១. ការកាត់បន្ថយការរំខានដីជាអតិបរិមាឬគ្មានការភ្ជួររាស់ (ការរំខានដីមេកានិកអប្បរមា) តាមរយៈការដាំគ្រាប់ពូជនិងដាក់ជីដោយផ្ទាល់(ប្រើឧបករណ៍ដាំមិនភ្ជួរ) ការអនុវត្តបែបនេះដើម្បីកាត់បន្ថយសំណឹកដី និងរក្សាសារធាតុសរីរាង្គដី។
២. ដីត្រូវមានគម្របសរីរាង្គជាអចិន្ត្រៃយ៍ (យ៉ាងហោចណាស់ ៣០ភាគរយ) ជាមួយនឹងសំណល់ដំណាំ និង/ឬដំណាំគម្របដី ការអនុវត្តបែបនេះដើម្បីថែរក្សាការពារស្រទាប់ដីដាំដុះផ្ទៃដីផ្នែកខាងលើទប់ទល់នឹងស្មៅ ការពារដីពីផលប៉ះពាល់នៃអាកាសធាតុក្តៅខ្លាំង ជួយរក្សាសំណើមដី និងកាត់បន្ថយនៃការហាប់ដី។
៣. ការធ្វើពិពិធកម្មដំណាំដោយការដាំដំណាំឆ្លាស់ឬបង្វិល ( យ៉ាងហោច៣ប្រភេទផ្សេងគ្នានៃដំណាំ) ការអនុវត្តប្រព័ន្ធដំណាំឆ្លាស់ឬបង្វិលបានត្រឹមត្រូវល្អ គឺដើម្បីលើកកម្ពស់រចនាសម្ព័ន្ធដីដាំដុះ ជំរុញឱ្យមានភាពចម្រុះនៃរុក្ខជាតិ ពពួកសត្វល្អិតមានប្រយោជន៍ក្នុងដី ដែលរួមចំណែកបង្កើនសុខភាពដី ធ្វើឱ្យដីមានជីវជាតិសម្រាប់ការដុះលូតលាស់របស់ដំណាំ និងជួយការពារពីសត្វល្អិតនិងជំងឺ។

ចំនួនអ្នកចូលទស្សនា
Flag Counter