ស្រូវពូជផ្ការំដួល ស្រុកអូររាំងឪ ត្រូវបានចុះកិច្ចសន្យាទិញ លក់រវាងសហគមន៍កសិកម្មនិងសហគ្រាសម៉ាស៊ីនកិនស្រូវ
ចេញ​ផ្សាយ ២៦ តុលា ២០២៣
113

ស្រូវពូជផ្ការំដួល ស្រុកអូររាំងឪ ត្រូវបានចុះកិច្ចសន្យាទិញ លក់រវាងសហគមន៍កសិកម្មនិងសហគ្រាសម៉ាស៊ីនកិនស្រូវ
ខេត្តត្បូងឃ្មុំ មានផ្ទៃដីដាំដុះស្រូវប្រមាណ ៨៨ ០០០ហិកតា ក្នុងនោះស្រូវផ្ការំដួល មានប្រមាណ ១៤ ៩៧០ហិកតា ដែលអាចផ្តល់ផលប្រមាណ ៥២ ៦២២តោន ក្នុងមួយឆ្នាំ។ មកដល់បច្ចុប្បន្ន ស្រូវពូជផ្ការំដួល ដល់ដំណាក់កាលទុំ ហើយប្រជាកសិករបានចាប់ផ្តើមប្រមូលផលជាបណ្តើរៗ។ ស្រុកអូររាំងឪ ក៏មានដាំប្រភេទស្រូវពូជផ្ការំដួល ហើយត្រូវបានអ្នកបរិភោគផ្តល់មេដាយថាមានរសជាតិឆ្ងាញ់ ហើយជាមុខសញ្ញាផលិតផលសម្រាប់ផ្គត់ផ្គត់ទីផ្សារទាំងក្នុងស្រុកនិងក្រៅស្រុក។ ដើម្បីធានានិរន្តរភាពទីផ្សារនិងតម្លៃសមរម្យលើផលស្រូវពូជផ្ការំដួលនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានសម្របសម្រួលសហគមន៍កសិកម្មចំនួន៣ ក្នុងស្រុកអូររាំងឪ ពិភាក្សាជាមួយសហគ្រាសម៉ាស៊ីនកិនស្រូវ ថន ជា ដើម្បីធ្វើការលក់ ទិញ តាមទម្រង់ផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ដោយមានការឯកភាពគ្នាលើលក្ខខណ្ឌក្នុងការលក់ ទិញ ភាគីសហគមន៍កសិកម្មនិងសហគ្រាសម៉ាស៊ីនកិនស្រូវ ថន ជា បានឈានដល់ការចុះកិច្ចសន្យាទិញ លក់ស្រូវជាមួយគ្នា ចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្មនៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកអភិបាលនៃគណៈអភិបាលស្រុកអូររាំងឪនិងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលរួមមានសហគមន៍កសិកម្មផលិតស្រូវពូជផ្ការំដួលចំនួន ៣ គឺសហគមន៍កសិកម្មសាមគ្គីអូរឡោក សហគមន៍កសិកម្មសាមគ្គីឃុំមៀន និងសហគមន៍កសិកម្មសាមគ្គីមានជ័យ ក្នុងបរិមាណ ៣៥០តោន។

ចំនួនអ្នកចូលទស្សនា
Flag Counter