ក្តាប់ឲ្យបាននិងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ឲ្យទាន់ ជាភារកិច្ចរបស់មន្ត្រីរដ្ឋបាលនៅមូលដ្ឋាន
ចេញ​ផ្សាយ ១៩ តុលា ២០២៣
75

ព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ញើញប្រគល់ស្រូវពូជរបស់រាជរដ្ឋាភិបាលតាមរយប្រព័ន្ធស្បៀងបម្រុងកម្ពុជាដល់ប្រជាពលរដ្ឋ ៣៤២គ្រួសារ ក្នុងឃុំពាមជីលាំងនិងឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ដែលខូចខាតស្រូវដោយរបបទឹកទន្លេមេគង្គកន្លងមកនៅក្នុងបរិវេណវត្តពាម ឃុំពាមជីលាំង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមអភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលស្រុកត្បូងឃ្មុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងកងកម្លាំងប្រដាប់អាវុធទាំង៣។
ជាដំបូងឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ចូលរួមសោកស្តាយនូវការបាត់បង់ស្រូវដែលបងប្អូនខិតខំដាំដុះកន្លងមក ដែលជាការខាតបង់ទាំងពេលវេលា កម្លាំងពលកម្ម និងថវិកា ទោះបីមានការចូលរួមផ្តល់ពូជអន្តរាគមន៍ពីរាជរដ្ឋាភិបាលមួយចំនួនក៏ដោយ។ ការផ្តល់ពូជអន្តរាគមន៍ពីរាជរដ្ឋាភិបាលនាពេលនេះ វាគ្រាន់តែជាការរួមចំណែកមួយចំនួនប៉ុណ្ណោះ។ អ្វីដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម រដ្ឋបាលខេត្ត ស្រុក ឃុំ ចង់ឃើញនោះគឺការដាំដុះរបស់បងប្អូនទទួលបានជៅគជ័យ ទិន្នផលខ្ពស់ លក់បានចំណូលសមរម្យមកវិញ។ 
តែពេលនេះ បងប្អូនទទួលបានស្រូវពូជមួយគ្រួសារ ១០០គ.ក្រ ដែលត្រូវធ្វើការដាំដុះស្តារឡើងវិញ ដោយត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមបច្ចេកទេសដូចជា ដីស្រែរាបស្មើ ប្រើជីតាមបច្ចេកទេស ចុះមើលស្រែជាប្រចាំ ដែលសង្ឃឹមថានឹងទទួលបានផលពី៤ទៅ៥តោនក្នុងមួយហិកតា។ ទន្ទឹមគ្នានេះដែរបងប្អូន ត្រូវចងក្រងគ្នាជាសហគមន៍ ដើម្បីទិញអ្វីៗបានថោក តែពេលលក់វិញបានថ្លៃ។
គ្រប់នាទី រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត ក្រសួង មន្ទីរ បានផ្តោតអារម្មណ៍ គិតគូរជាប្រចាំដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ឲ្យតែប្រជាពលរដ្ឋមានទុក្ខលំបាក គឺត្រូវតែមានវត្តមានមន្ត្រីរបស់លោកមកគិតគូរដោះស្រាយតាមស្ថានភាពជាក់ស្តែង។

ចំនួនអ្នកចូលទស្សនា
Flag Counter