ព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ដដែល លោកប្រធានមន្ទីរ បានដឹកនាំមន្ត្រីជំនាញសហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកក្រូចឆ្មារ ក្រុមប្រឹក្សាឃុំព្រែកអាជី ចុះពិនិត្យនិងជួបសំណេះសំណាលជាមួយប្រជាកសិករដាំត្រសក់ចំណារនៅឃុំព្រែកអាជីនិងផ្តល់គ្រាប់ពូជសម្រាប់ារដាំដុះបន្តមួយចំនួន។ សូមជម្រាបជូនថា ក្នុងខែកញ្ញា ឆ្នាំ២០២៣នេះតម្លៃត្រសក់ទាបជាង បើធៀបឆ្នាំមុនៗ ដែលពេលវេលាដូចគ្នា តម្លៃត្រសក់ក្នុងរង្វង់ ១,៥០០រៀល/គីឡូក្រាម។ តាមការប្រមូលព័ត៌មានពីអ្នកពាក់ព័ន្ធ តម្លៃត្រសក់ទាបជាងឆ្នាំមុនៗ គឺអាចដោយសារ ទី១-ទិន្នផលដំណាំត្រសក់កើនឡើង តាមរយៈការចូលរួមអនុវត្តតាមបង្គុំបច្ចេកទេសកសិកម្មរបស់កសិករបានកាន់តែល្អប្រសើរ ទី២- ឆ្នាំមុនៗខែកញ្ញា ជារដូវកាន់បិណ្ឌភ្ជុំ ដែលនាំឲ្យមានតម្រូវការបន្លែខ្ពស់ ទី៣- នៅតាមបណ្តាខេត្តផ្សេងៗក៏មានការដាំដុះដំណាំត្រសក់ដូចៗគ្នា ទី៤-ការបញ្ជាទិញពីផ្សារទំនើប ភោជនីយដ្ឋាន មានការថយចុះ ទី៥- បណ្តាញព័ត៌មានទីផ្សារកសិផលរវាងអ្នកផលិតនិងអ្នកទិញ(ទីផ្សារធំ) មិនទាន់មានភាពប្រទាក់ក្រឡាគ្នានិងរស់រវើកនៅឡើយ។
មកដល់រដូវភ្ជុំបិណ្ឌនេះ តម្លៃត្រសក់ឡើងបន្តិចមកវិញ ប៉ុន្តែមិនទាន់សមរម្យនៅឡើយ។ ឆ្លើយតបស្ថានភាពនេះ មន្ត្រីជំនាញ បានណែនាំឲ្យកសិករអនុវត្តតាមបង្គុំបច្ចេកទេស ផ្លាស់ប្តូរមុខដំណាំ និងរួមគ្នាចងក្រងជាសហគមន៍កសិកម្ម ដែលអាចដោះស្រាយបញ្ហាប្រឈមតម្លៃលើទីផ្សារបានមួយចំនួន។