ស្រុកមេមត់៖ ដំណាំកាហ្វេជាច្រើនហិកតា បានលេចរូបរាងក្នុងស្រុកមេមត់ ជាមួយទិន្នផលល្អ និងរសជាតិឆ្ងាញ់
លោក ងួន សុខជាតិ និងលោកស្រី ហេង ធីតា ដែលជាម្ចាស់ចម្ការកាហ្វេនៅភូមិកំពាន់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរៀបរាប់ថា គាត់បានដាំដំណាំកាហ្វេលើផ្ទៃដី ៥ហិកតា រយៈពេល ៣ឆ្នាំមក ហើយដែលជាពូជ រ៉ូប៉ូស្តា (Robusta)។ ឆ្នាំនេះ គាត់នឹងត្រូវប្រមូលផលកាហ្វេជាលើកទី២ហើយ។ ឆ្នាំមុនលើផ្ទៃដី ៥ហិកតានេះ គាត់ប្រមូលផលបានគ្រាប់កាហ្វេស្ងួតសម្អាតរួចចំនួន ៤តោន ហើយឆ្នាំនេះសង្ឃឹមថាបានច្រើនជាងឆ្នាំមុន។ ជាទូទៅកាហ្វេចាប់ផ្តើមប្រមូលផលពីខែកញ្ញានេះរហូតដល់ខែវិច្ឆិកា។ លោក លោកស្រីម្ចាស់ចម្ការបានបន្តទៀតថា តាមប្រវត្តិទឹកដីស្រុកមេមត់នេះ មានការដាំកាហ្វេតាំងពីទសវត្សទី៦០ម្លេះ ដែលក្នុងឃុំកំពាន់នេះ មានភូមិមួយដាក់ឈ្មោះថា ភូមិចម្ការកាហ្វេតែម្តង។ តាមការយល់ឃើញរបស់គាត់ កាហ្វេជាដំណាំរើសដី ភូមិសាស្ត្រ អាកាសធាតុក្តៅសើម។ ដូច្នេះការដាំកាហ្វេបាននៅស្រុកមេមត់ ជាអំណោយពីធម្មជាតិជូនដល់អ្នកស្រុកមេមត់។ ជាការយល់ឃើញរបស់គាត់ កាហ្វេ នឹងមិនជួបបញ្ហាកកស្ទះទីផ្សារនោះទេ ព្រោះសន្ទុះនៃការញាំកាហ្វេបានកើនឡើងពីទីក្រុងមកដល់ជនបទ ហើយគ្រាប់កាហ្វេភាគច្រើននាំចូលពីបរទេស។ ជាទិសដៅរបស់គាត់ មានគោលបំណងរៀបចំកាហ្វេនេះ ឲ្យមានកេរ្ត៍ឈ្មោះល្បីល្បាញ កាហ្វេមេមត់ ដែលមានស្តង់ដារត្រឹមត្រូវ មានសុវត្ថិភាព ធានាដល់សុខភាពអ្នកប្រើប្រាស់។ នៅពេលនេះ គាត់មិនថាកាហ្វេគាត់ល្អជាងកាហ្វេដទៃទេ តែសម្រាប់កាហ្វេគាត់ដែលប្រមូលផលពីឆ្នាំកន្លងទៅ សម្រាប់គាត់និងអ្នកភូមិជិតខាថា មានរសជាតិឆ្ងាញទទួលយកបាន។ តែយ៉ាងណា គាត់នៅតែចង់បានការណែនាំតម្រង់ទិសបន្ថែមពីមន្ត្រីជំនាញអំពីការថែទាំ វិធានការទប់ស្កាត់សត្វល្អិតចង្រៃ ជំងឺ និងភាពតម្រូវរបស់ទីផ្សារ។
មានប្រសាសន៍ក្នុងដំណើរចុះពិនិត្យសិក្សាស្វែងយល់ពីដំណាំកាហ្វេរបស់លោក ងួន សុខជាតិ និងលោកស្រី ហេង ធីតា កាលពីរសៀលថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានលើកឡើងថា ខ្ញុំ ទើបទទួលបានព័ត៌មានពីដំណាំកាហ្វេលើទឹកដីមេមត់នេះ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៣នេះ តែប៉ុណ្ណោះ។ នេះជាចម្ការទី៣ហើយ ដែលខ្ញុំ បានចុះពិនិត្យផ្ទាល់ដល់ទីតាំង ពិនិត្យឃើញថា ដំណាំកាហ្វេគ្រប់ចម្ការល្អៗ ផ្តល់ផលល្អ ហើយមានចរិតនៃការដាំខុសៗគ្នា។ ចម្ការរបស់លោក ងួន សុខជាតិ លោកស្រី ហេង ធីតាដាំតែដំណាំកាហ្វេសុទ្ធ តែ ២ចម្ការទៀតដាំក្នុងចន្លោះគុម្ពដំណាំម្រេច។ តាមការចុះប្រមូលព័ត៌មានរបស់មន្ត្រីមន្ទីរ ក៏បានឃើញកាហ្វេដាំក្នុងចម្ការទុរេនហើយផ្តល់ផលល្អដូចគ្នា។ នេះអាចជាចំណុចល្អមួយ ដែលកសិករអាចដាំដំណាំចម្រុះ ធ្វើឲ្យគាត់ទទួលបានចំណូលបន្ថែមនិងកាត់បន្ថយថ្លៃដើមផលិត។ ទុរេន ម្រេច ផ្តល់ផលអំឡុងខែឧសភា មិថុនា ចំណែកកាហ្វេ ផ្តល់ផលពីកញ្ញាដល់វិច្ឆិកា ពិតជាអំណោយផលណាស់សម្រាប់ការដាំដំណាំចម្រុះ បានទាំងផល បានទាំងដំណោះស្រាយចំណាយក្នុងផលិតកម្មលើផ្ទៃដីតែមួយ។
ក្នុងគោលបំណងពង្រីកទំហំផលិតកម្មកាហ្វេនិងកសាងកេរ្ត៍ឈ្មោះ កាហ្វេមេមត់ មួយសម្រាប់ខេត្តត្បូងឃ្មុំ មន្ទីរបានចាត់មន្ត្រីជំនាញចុះប្រមូលទិន្នន័យឲ្យបានច្បាស់លាស់ពីអ្នកដាំកាហ្វេ ទំហំផ្ទៃដី និងទិន្នន័យពាក់ព័ន្ធមួយចំនួនទៀត ដើម្បីរៀបចំក្រុមផលិតកម្មកាហ្វេមួយ ដែលអនុវត្តតាមបង្គុំបច្ចេកទេសត្រឹមត្រូវ ការអនុវត្តគោលការណ៍ ការអនុវត្តកសិកម្មល្អ(GAP) ការអនុវត្តគោលការណ៍តម្រូវរបស់ទីផ្សារ មានស្លាកសញ្ញា ឈានទៅដល់ការចុះបញ្ជីកាហ្វេត្រឹមត្រូវ កសាងភាពប្រកួតប្រជែងនិងឧត្តមភាពកាហ្វេលើទីផ្សារ។ មកដល់ត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ការប្រមូលព័ត៌មានបង្ហាញថា មានប្រជាពលរដ្ឋ ៥គ្រួសារ បានដាំកាហ្វេលើផ្ទៃដី ១៣ហិកតា។ ចំពោះមុខនេះ មន្ទីរ នឹងចាត់មន្ត្រីជំនាញចុះដល់ទីតាំងពិគ្រោះនិងតម្រង់ទិសបច្ចេកទេសបន្ថែម ជាពិសេសការអនុវត្តគោលការណ៍ " ការអនុវត្តកសិកម្មល្អ(GAP)"និងការទុកដាក់ក្រោយការប្រមូលផល។ ហើយបន្ទាប់មកទៀត នឹងស្នើសុំដាក់បញ្ចូលដំណាំកាហ្វេនេះ ទៅក្នុង ចលនាភូមិ១ ផលិតផល១ របស់ខេត្តត្បូងឃ្មុំ។
បើដំណើរការទីផ្សារកាហ្វេនេះល្អ មន្ទីរ នឹងជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដាំម្រេច ដាំទុរេន ត្រូវដាំដំណាំកាហ្វេបន្ថែមនៅចន្លោះគុម្ព ឲ្យក្លាយជាដំណាំចម្រុះបន្ថែមទៀត។