នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ លោក ប្រធានមន្ទីរ បានដឹកនាំមន្ត្រីជំនាញ បានចុះពិនិត្យស្រែបង្ហាញផលិតកម្មពូជស្រូវផ្ការំដួល ១បង្ហាញ ទំហំផ្ទៃដី ០,៥០ហិកតា នៅភូមិសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ។ ស្រែបង្ហាញផលិតកម្មពូជស្រូវនេះ គាំទ្រដោយគម្រោងខ្សែច្រវាក់ ផលិតកម្ម ដោយភាតរៈបរិស្ថាន (CFAVC) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុវត្តដោយមន្ត្រីផ្នែក អនុវត្តគម្រោង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។
ការធ្វើបង្ហាញផលិតកម្មពូជស្រូវនេះ ក្នុងគោលបំណង ៖
-ស្វែងរកចម្លើយតបរបស់កសិករនិងកម្រិតនៃការទទួលស្គាល់ការប្រើប្រាស់ ពូជស្រូវមានគុណភាព មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ
-ផ្សព្វផ្សាយបច្ចេកទេសផលិតកម្មដំណាំស្រូវ ផលិតកម្មពូជស្រូវ ដោយប្រើពូជស្រូវធន់នឹងអាកាសធាតុ
-បង្កើនប្រាក់ចំណូលកសិករតាមរយៈការប្រើពូជស្រូវមានគុណភាព។
តាមការពិនិត្យជាក់ស្តែង ស្រូវមានការលូតលាស់ល្អ។ ផលិតកម្មស្រូវពូជ ទាមទារការស្ទូង ឬ ប្រើឧបករណ៍អូសជាជួរ ដែលធ្វើឲ្យយើងងាយក្នុងការសម្អាតស្មៅនិងពូជលាយ។ មកដល់ដំណាក់កាលនេះ ស្រូវបែកគុម្ពរហូតដល់ ១២-១៧ដើម/គុម្ព នៅពេលដែលដោយស្ទូងសំណាបមាន ២-៣ដើម/គុម្ព។
នាឱកាសនោះ ក្រុមការងារ បានផ្តល់នូវគន្លឹះសំខាន់ៗ ដល់កសិករ ដែលសហការអនុវត្តបង្ហាញដូចជា ៖
-ត្រូវគោរពតាមបទដ្ឋានបច្ចេកទេស " ផលិតកម្មពូជស្រូវ "។ ការរៀបចំដីស្រែស្មើល្អ កាត់បន្ថយថ្លៃដើមផលិតនិងស្រូវផ្តល់ទិន្នផលខ្ពស់
-ត្រូវចុះពិនិត្យស្រែជាប្រចាំ ដោយពិនិត្យលើការលូតលាស់របស់ស្រូវ វត្តមានសត្វល្អិតចង្រៃ ជំងឺ ស្ថានភាពទឹក និងកាត់ពូជលាយ។ ទាក់ទងដង្កូវម៉ូស្លឹក យើងត្រូវប្រើមែកឬស្សី វាសពីលើស្រូវ នឹងអាចកម្ចាត់ពួកវាបានហើយ មិនតម្រូវប្រើថ្នាំពុលកសិកម្មនោះទេ -អនុវត្តដកពូជលាយ សម្អាតស្មៅក្នុងស្រែ តាមភ្លឺស្រែ និងការប្រើប្រាស់ជីបំប៉នលើកទី២ ប្រភេទជីអ៊ុយរ៉េ ៣០គក្រ/ហិកតា និងបូតាស្យូមក្លរួ ១៥គក្រ/ហិកតា ដើម្បីធានាបានគ្រាប់ពូជសុទ្ធល្អ ប្រកបដោយគុណភាព
-ត្រូវរៀបចំជាក្រុមផលិតគ្រាប់ពូជស្រូវ ដោយឆ្នាំនេះផលិតពូជចំណាត់ថ្នាក់ទទួលស្គាល់ (Registered Seed) ចំនួន ០,៥ហិកតា ដែលអាចពង្រីកផលិតកម្មពូជចំណាត់ថ្នាក់វិញ្ញាបនបត្រ (Certified Seed) ចំនួន ១៥-២០ហិកតា ដែលទាមទារការរៀបចំកសិករនិងផ្ទៃដីសម្រាប់ដាំដុះចាប់ពីពេលនេះតទៅ
-រាល់បញ្ហាប្រឈមលើការងារកសិកម្ម កសិករត្រូវទំនាក់ទំនងជាប្រចាំជាមួយមន្ត្រីជំនាញ។