ត្បូងឃ្មុំ ព្រឹកថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣
បង្កើតសហគមន៍កសិកម្ម មិនមែនធ្វើឲ្យកសិផលបានថ្លៃនោះទេ តែសហគមន៍កសិកម្ម ជាមូលដ្ឋានប្រមូលផ្តុំកម្លាំងផលិតស្របតាមស្តង់ដារទីផ្សារ អំណាចនៃការចចារ និងធានាបាននិរន្តរភាពទីផ្សារ
រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោយការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការពង្រឹងសមត្ថភាពសហគមន៍កសិកម្មអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ដើម្បីចូលរួមគាំទ្រគោលនយោបាយនេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដឹកនាំសហការីសហការជាមួយរដ្ឋបាលឃុំចុងជាច ស្រុកតំបែរ រៀបចំការផ្សព្វផ្សាយស្តីពី គោលគំនិតនៃការបង្កើតសហគមន៍កសិកម្មដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឃុំចុងជាច ក្នុងបរិវេណវត្តនទីសុវណ្ណារាម ស្ថិតនៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ដោយមានប្រជាពលរដ្ឋអញ្ជើញចូលរួមសរុបចំនួន ៧៥នាក់ ក្នុងនោះស្រីចំនួន ២១នាក់។
លោកប្រធានមន្ទីរ បានមានប្រសាសន៍ថា ការផ្សព្វផ្សាយនេះ គោលបំណងប្រមែប្រមូលទស្សនៈប្រជាកសិករឲ្យរួបរួមគ្នាចងក្រងជាសហគមន៍កសិកម្ម ដើម្បីប្រមូលផ្ដុំកម្លាំងផលិតកម្ម ស្របតាមស្តង់ដារតម្រូវរបស់ទីផ្សារ ពង្រឹងសមត្ថភាពធុរកិច្ចក្នុងសហគមន៍ បង្កើនអំណាចចចារផ្គត់ផ្គង់ ចចារតម្លៃ ធានាបាននិរន្តរភាពទីផ្សារនិងបង្កើតការងារបន្ថែមតាមរយៈសកម្មភាពកែច្នៃកសិផល។