នារសៀលថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ លោកប្រធានមន្ទីរ បានដឹកនាំមន្ត្រីជំនាញនិងនិស្សិតស្មគ្រចិត្ត បានចុះពិនិត្យស្រែបង្ហាញផលិតកម្មពូជស្រូវ ៤បង្ហាញ ផ្ទៃដីសរុប ១ហិកតា(២៥អារ/បង្ហាញ) លើប្រភេទពូជស្រូវផ្ការំដួល ៣បង្ហាញនៅឃុំចក ស្រុកអូររាំងឪនិងពូជស្រូវផ្កាមាលតី ១បង្ហាញ នៅឃុំជីគរ ស្រុកត្បូងឃ្មុំ។ បង្ហាញផលិតកម្មពូជស្រូវនេះគាំទ្រដោយគម្រោងខ្សែច្រវាក់ផលិតកម្ម ដោយភាតរៈបរិស្ថាន(CFAVC)នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុវត្តដោយមន្ត្រីផ្នែកអនុវត្តគម្រោង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។
តាមផែនការសកម្មភាពឆ្នាំ២០២៣របស់គម្រោងខ្សែច្រវាក់ផលិតកម្មដោយ ភាតរៈបរិស្ថាន(CFAVC)នៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តល់ការអនុវត្តបង្ហាញផលិតកម្មពូជស្រូវ(ពូជសុទ្ធគ្រឹះ) ចំនួន ២២បង្ហាញ/គ្រួសារ លើផ្ទៃដីសរុប ៧,៥០ហិកតា លើប្រភេទពូជស្រូវ ផ្ការំដួល ផ្កាមាលតី និងចំប៉ីស៧០ ដែលអនុវត្តនៅក្នុង ស្រុកតំបែរ ស្រុកពញាក្រែក ស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ និងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ គិតត្រឹមថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣នេះ ការអនុវត្តបង្ហាញ សាបបាន ១៩បង្ហាញ ស្មើនឹង ៨៦,៣៥%នៃផែនការ និងស្ទូងបាន ១៧បង្ហាញ ស្មើនឹង ៧៧,២៧% នៃផែនការ។
ការធ្វើបង្ហាញផលិតកម្មពូជស្រូវនេះ ក្នុងគោលបំណង ៖
-ស្វែងរកចម្លើយតបរបស់កសិករនិងកម្រិតនៃការទទួលស្គាល់ការប្រើប្រាស់ ពូជស្រូវមានគុណភាព មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ
-ផ្សព្វផ្សាយបច្ចេកទេសផលិតកម្មដំណាំស្រូវ ផលិតកម្មពូជស្រូវ ដោយប្រើពូជស្រូវធន់នឹងអាកាសធាតុ
-បង្កើនប្រាក់ចំណូលកសិករតាមរយៈការប្រើពូជស្រូវមានគុណភាព។
នាឱកាសនោះ ក្រុមការងារ បានផ្តល់នូវគន្លឹះសំខាន់ៗ ដល់កសិករ ដែលសហការអនុវត្តបង្ហាញដូចជា៖
-ត្រូវគោរពតាមបទដ្ឋានបច្ចេកទេស " ផលិតកម្មពូជស្រូវ "
-ត្រូវចុះពិនិត្យស្រែជាប្រចាំ ដោយពិនិត្យលើការលូតលាស់របស់ស្រូវ វត្តមានសត្វល្អិតចង្រៃ ជំងឺ ស្ថានភាពទឹក និងកាត់ពូជលាយ នៅដំណាក់កាលបែកគុម្ព
-លើកទឹកចិត្តកសិករផលិតពូជស្រូវ រៀបចំជាក្រុមផលិតគញរាបពូជ ដោយអនុវត្តពីផលិតកម្មរហូតដល់ការវេចខ្ចប់ ដើម្បីធានាបានគ្រាប់ពូជសុទ្ធល្អ ប្រកបដោយគុណភាព -ត្រូវព្យាយាមធ្វើឥ្យបាន ៣ដងក្នុងមួយឆ្នាំ ដោយយើងអាចពិនិត្យលទ្ធភាពប្រើទឹកអណ្តូងជំនួយ
-ណែនាំដល់និស្សិតស្ម័គ្រចិត្ត រៀបចំជាទម្រង់សម្រាប់ប្រមូលទិន្នន័យតាមដាន វាយតម្លៃតាមដំណាក់កាលលូតលាស់ របស់ដំណាំស្រូវ
-រាល់បញ្ហាប្រឈមលើការងារកសិកម្ម កសិករត្រូវទំនាក់ទំនងជាប្រចាំជាមួយនិស្សិតស្ម័គ្រចិត្ត និងរាយការណ៍ជូន មន្ត្រីជំនាញ។