ការអនុវត្តត្រឹមត្រូវបង្គុំបច្ចេកទេសកសិកម្ម ជាគន្លឹះនាំឲ្យស្រូវទទួលបានទិន្នផលស្រូវខ្ពស់
ចេញ​ផ្សាយ ២៦ កញ្ញា ២០២៣
87

ព្រឹកថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ លោកប្រធានមន្ទីរ អមដំណើរដោយមន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិង និស្សិតស្ម័គ្រចិត្តប្រចាំឃុំ ចុះពិនិត្យនិងសិក្សាពីការធ្វើបង្ហាញផលិតកម្មពូជស្រូវ ខា១៨និងពូជរាំងជ័យ ១០បង្ហាញ នៅឃុំទឹកេជ្រៅ ស្រុកតំបែរ ដែលគាំទ្របច្ចេកទេសនិងថវិកាពីវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា។ 
តាមការរៀបរាប់ពីមន្ត្រីជំនាញបញ្ជាក់ថា ក្រោមកិច្ចសហការរវាងវិទ្យស្ថាននិងមន្ទីរ កសិករចំនួន ១០គ្រួសារ បានជ្រើសរើសចូលរួមអនុវត្តការធ្វើបង្ហាញនេះ ដោយមួយគ្រួសារអនុវត្តបង្ហាញលើផ្ទៃដី ចំនួន ៦អារ បែងចែកជា ៣បច្ច័យ ក្នុងបច្ច័យនីមួយៗមានផ្ទៃដី ចំនួន ២អារ ដែលបច្ច័យទី១ អនុវត្តលើបង្គុំបច្ចេកទេសផ្តល់ដោយវិទ្យាស្ថាន បច្ច័យទី២ អនុវត្តលើពូជពីវិទ្យាស្ថាន អនុវត្តបច្ចេកទេសតាមទម្លាប់កសិករ និងបច្ច័យទី៣ អនុវត្តលើពូជរបស់កសិករ បច្ចេកទេសតាមទម្លាប់របស់កសិករ។ ការធ្វើបង្ហាញនេះ ក្នុងគោលបំណង ៖ 
-សាកល្បងប្រភេទពូជស្រូវទៅនឹងប្រភេទក្រុមដី
-ធ្វើការប្រៀបធៀបពីប្រសិទ្ធភាពនិងគុណភាពបង្គុំបច្ចេកទេស ពូជ និងការប្រើប្រាស់ជីនិងថ្នាំកសិកម្មក្នុងខ្សែច្រវាក់ ផលិតកម្មពូជស្រូវ
-បង្កើតស្តង់ដារផលិតកម្មពូជស្រូវ ស្របទៅនឹងប្រភេទក្រុមដី ស្ថានភាពដី និងកត្តាអាកាសធាតុ។
បន្ទាប់ពីពិនិត្យនិងពិភាក្សាលើស្ថានភាពដំណាំស្រូវលើទីវាលនេះ ខ្ញុំ បានផ្តល់ការតម្រង់ទិសដល់អ្នកពាក់ព័ន្ធ ៖
១.ត្រូវគ្រប់គ្រងទឹកក្នុងស្រែឲ្យបាន ៥សង់ទីម៉ែត្រ ក្នុងដំណាក់កាលនេះ ដើម្បីស្រូវលូតលាស់បានល្អ
២.ត្រូវធ្វើការសម្អាតស្មៅដែលមាននៅក្នុងស្រែ ព្រោះវាជារុក្ខជាតិចង្រៃដែលនឹងប្រជែងស្រូបយកសារធាតុចិញ្ចឹមពី ដំណាំស្រូវ ព្រមទាំងធ្វើការកាត់ពូជលាយ ដើម្បីបង្កើនភាពសុទ្ធរបស់ស្រូវ
៣.ត្រូវប្រើប្រាស់ជីឲ្យត្រូវពេលវេលានិងកម្រិតលូតលាស់របស់ស្រូវ ដើម្បីកុំខាតបង់ថវិកានិងប៉ះពាល់ដល់បរិស្ថានដី
៤.ត្រូវអនុវត្តតាមបង្គុំបច្ចេកទេសកសិកម្ម ដើម្បីឲ្យស្រូវទទួលបានទិន្នផលខ្ពស់។

ចំនួនអ្នកចូលទស្សនា
Flag Counter