ព្រឹកថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងនាមប្រធានអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្តនៃគម្រោងខ្សែច្រវាក់តម្លៃដោយភាតរ:បរិស្ថាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធានមន្ទីរ បានដឹកនាំសហការី ចុះពិនិត្យវឌ្ឍនភាពការសាងសង់ឃ្លាំងស្តុកស្រូវចំណី និងដំឡូងមីសរុបចំនួន ៣ទីតាំង ស្ថិតនៅក្នុងមូលដ្ឋានឃុំពពេល ស្រុកពញាក្រែក និងនៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលឃ្លាំងទាំងនោះគាំទ្រដោយរាជរដ្ឋាភិបាល តាមរយៈគម្រោងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទាំងអស់នេះឆ្លុះបញ្ជាក់ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ តែងយកចិត្តទុកដាក់ចំពោះកសិករ ដែលតែងធ្វើការគាំទ្រទាំងបច្ចេកទេស ព្រមទាំង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា គឺសំដៅធ្វើយ៉ាងណា ដើម្បីឱ្យប្រជាកសិករកាត់បន្ថយចំណាយថ្លៃដើម ទទួលបានផលចំណេញកាន់តែច្រើនពី ការងារបង្កបង្កើនផលរបស់ពួកគាត់។
តាមការចុះពិនិត្យ វាយតម្លៃជាក់ស្តែងតាមទីតាំងនីមួយៗ ឃ្លាំងស្តុកស្រូវចំក្នុងសហគមន៍កសិកម្មពពេលមានជ័យសម្រេចបានប្រមាណ៩០% ឃ្លាំងស្តុកដំឡូងមីសហគមន៍កសិកម្មអភិរក្សពញាក្រែកតំបែរសម្រេចបាន ៧០% និងឃ្លាំងស្តុកដំឡូងមីសហគន៍កសិកម្មដំណាំម្រេចដារមេមត់សម្រេចបាន៧៥%។ ជាការផ្តាំផ្ញើ ខ្ញុំ បានសំណូមពរដល់តំណាងក្រុមហ៊ុនសាងសង់បន្តអនុវត្តឱ្យបានល្អតាមគំរូប្លង់ ដែលមានហើយសម្រាប់សហគមន៍កសិកម្ម ត្រូវបន្តកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានជួយសម្របសម្រួលឱ្យដំណើរការសាងសង់នេះប្រព្រឹត្តទៅដោយរលូន។ ទាំងតំណាងក្រុមហ៊ុននិងសហគមន៍កសិកម្ម ត្រូវពិនិត្យនិងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ដើម្បីឱ្យអាគារឃ្លាំងមានគុណភាពនិងសោភ័ណ្ឌភាព។
ឆ្លៀតក្នុងឱកាសនោះផងដែរ ដើម្បីពង្រឹងការគ្រប់គ្រងប្រើប្រាស់ឃ្លាំងឱ្យស្របតាមទិសដៅគម្រោង លោកប្រធានមន្ទីរ បានណែនាំឱ្យសហគមន៍កសិកម្មត្រូវរៀបចំជាក្រុមមុខរបរ ក៏ដូចជាក្រុមផលិតក្នុងការគាំទ្រឃ្លាំងនិងមុខជំនួញរបស់សហគមន៍កសិកម្ម។ ជាមួយគ្នានេះដែរ ដើម្បីបង្កើនសោភ័ណ្ឌភាពទីតាំងឃ្លាំងស្តុកស្រូវ និងដំឡូងមីនីមួយៗ ខ្ញុំ បានផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំ សហគមន៍កសិកម្ម ធ្វើការដាំដើមឈើលម្អជុំវិញអាគារឃ្លាំងរួមមាន ដើមក្ងោកនៅខាងមុខឃ្លាំង និងដើមស្តៅ នៅផ្នែកចំហៀង សងខាងនិងផ្នែកខាងក្រោយនៃអាគារឃ្លាំង។
សូមជម្រាបជូនថាតាមរយៈគម្រោងខ្សែច្រវាក់តម្លៃដោយភាតរ:បរិស្ថាននេះ ក្រៅពីបណ្តុះបណ្តាលបច្ចេកទេសផលិតកម្មស្រូវ ដំឡូងមី ពោតក្រហម និងស្វាយកែវរមៀត គម្រោងបានផ្សារភ្ជាប់ផលិតកម្មជាមួយទីផ្សារតាមរយៈកសាងបណ្តាញផ្លូវជាប្រភេទផ្លូវក្រាលកៅស៊ូពីទីតាំងឃ្លាំងទៅកាន់ទីតាំងផលិតនិងផ្លូវធំទៅកាន់ទីផ្សារនិងការរៀបចំប្រព័ន្ធស្រោចស្រព ដើម្បីធានាទឹកសម្រាប់ ស្រោចស្រពពេញលេញ។ សម្រាប់ឆ្នាំ២០២៣ ឃុំពពេល ស្រុកពញាក្រែក នឹងទទួលបានឃ្លាំងស្តុកស្រូវចំនួន ១ខ្នង ចំណុះ ១០០តោន និងឃ្លាំងស្តុកដំឡូងមី ១ខ្នង ចំណុះ ២០០តោន និងឃុំដារស្រុកមេមត់ ទទួលបានឃ្លាំស្តុកដំឡូងមី ១ខ្នង ចំណុះ ២០០តោន ផងដែរ។