ត្បូងឃ្មុំ ព្រឹកថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣
លោកប្រធានមន្ទីរ និងសហការី បានចុះពិនិត្យ និងណែនាំតម្រង់ទិសបន្ថែមលើមុខរបរ បកនិងកែច្នៃគ្រាប់ស្វាយចន្ទីរបស់សហគមន៍កសិកម្មតំបែររុងរឿង ស្ថិតនៅភូមិត្រពាំងឬស្សី ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
តាមរយៈគម្រោង KUSANONE នៃរាជរដ្ឋាភិបាលជប៉ុន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសម្របសម្រួលជួយសាងសង់ជាអគារមួយខ្នងបំពាក់ម៉ាស៊ីនស្វ័យប្រវត្តិបកគ្រាប់ស្វាយចន្ទី ដើម្បីគាំទ្រដល់មុខរបរកែច្នៃគ្រាប់ស្វាយចន្ទីរបស់សហគមន៍កសិកម្មតំបែររុងរឿង។ មកដល់ពេលនេះ សហគមន៍ បានដំណើរការបក កែច្នៃ និងវេចខ្ចប់បានចំនួនតិចតួចនៅឡើយ ដោយមានដៃគូក្រុមហ៊ុននាំចេញផលិតផលស្វាយចន្ទីក្នុងស្រុក។
ក្នុងទិសដៅជំរុញសហគមន៍កសិកម្ម ជាធុរកិច្ចជន បង្កើតការងារនិងមុខរបរបន្ថែមក្នុងសហគមន៍ លោកប្រធានមន្ទីរ បានផ្ដល់ការណែនាំតម្រង់ទិសបន្ថែមមួយចំនួនដល់ថ្នាក់ដឹកនាំសហគមន៍ ត្រូវកំណត់គោលដៅរបស់ខ្លួនឲ្យច្បាស់លាស់ ហើយដាក់ចេញនូវយុទ្ធសាស្ត្រនិងផែនការសកម្មភាពតម្រង់ទិសទីសម្រេចគោលដៅនោះ ដូចជា ៖
១-ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសហគមន៍ និងបង្កើតក្រុមទទួលខុសត្រូវលើមុខរបរផ្សេងៗឲ្យបានច្បាស់លាស់តាមស្ថានភាពជាក់ស្តែង។
២-ត្រូវកៀរគរប្រមូលទុនបន្ថែម សម្រាប់ប្រមូល ទិញកសិផលសម្រាប់កែច្នៃដូចជាស្វាយចន្ទីនេះ ស្រូវកិនជាអង្ករលក់ នៅពេលរដូវប្រមូលផល ដោយប្រើប្រាស់ឃ្លាំងដែលបានផ្តល់ជូនដោយរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
៣-សហគមន៍កសិកម្ម ត្រូវប្រឹងប្រែងដើរតួនាទី ឈ្នួញកណ្តាល ឬក៏ជាសហគ្រាសកែច្នៃកសិផល ក្នុងការផ្សារភ្ជាប់ផលិតផលិតផលទៅកាន់ទីផ្សារ។
៤-ត្រូវកំណត់គោលដៅទីផ្សារជាក់លាក់និងភ្ជាប់ទំនាក់ទំនងរឹងមាំ តាមរយៈកិច្ចសន្យាផលិតកម្មកសិកម្មត្រឹមត្រូវ។
៥-ត្រូវសិក្សាឲ្យបានច្បាស់លាស់ពីតម្រូួវការរបស់សមាជិកសហគមន៍ ដើម្បីស្វែងរកដៃគូផ្គត់ផ្គង់ធាតុចូលដែលមានគុណភាពនិងតម្លៃសមរម្យ។