នៅរសៀលថ្ងៃពុធ ១០រោច ខែមាឃ ចត្វាស័ក ព.ស.២៥៦៦ ត្រូវថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ លោកប្រធានមន្ទីរ បានដឹកនាំមន្ត្រីជំនាញមន្ទីរសហការជាមួយមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកអូររាំងឪ មេឃុំព្រះធាតុ ចុះពិនិត្យការដាំដុះជាថ្មីនិងក្តាប់ពីស្ថានភាពប្រមូលផលដំណាំស្រូវដែលបានដាំស្តារឡើងវិញក្រោយជំនន់ទឹកទន្លេមេគង្គនាពេលកន្លងមកនៅភូមិសាស្ត្រឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
តាមរបាយការណ៍របស់លោកមេឃុំ ការដាំជាថ្មីពេលនេះលើផ្ទៃដីប្រមាណ ១០០ ហិកតា បន្ទាប់ពីប្រមូលផលរួច ដោយប្រើប្រាស់ពូជដែលបានពីការដាំដុះស្តារឡើងវិញកន្លងមកនេះ។ ពិនិត្យជារួមឃើញថា ស្រូវមានដំណុះល្អ។ លោកមេឃុំក៏បានរៀបរាប់ផងដែរថា ពូជស្រូវអន្តរាគមន៍ពីរាជរដ្ឋាភិបាលដាំស្តារឡើងវិញបន្ទាប់ព៏ទឹកជំនន់កន្លងមកនេះ ប្រជាកសិករប្រមូលផលរួចរាល់ដោយមានទិន្នផលជាមធ្យម ៦តោនក្នុងមួយហិកតា ព្រោះគ្រាប់មានដំណុះនិងសុខភាពល្អ លក់បានតម្លៃ ១០៣០រៀលក្នុងមួយគីឡូក្រាម។ ប្រជាកសិករសប្បាយរីករាយនិងបន្តរក្សាទុកជាពូជមកដល់ពេលនេះទៀត។ ឆ្នាំ២០២២ ឃុំព្រះធាតុ ស្រូវខូចខាតដោយទឹកជំនន់ ១៣០ហិកតា ស្មើ ២០៤គ្រួសារ ហើយទទួលបានការជួយអន្តរាគមន៍ពូជពីរាជរដ្ឋាភិបាល ១៥,៨០០គីឡុក្រាម។
ដើម្បីឲ្យការរក្សាទុកពូជបន្តនេះ ពូជមានគុណភាពទទួលយកបាន ក្រុមការងារ បានតម្រង់ទិសដល់កសិករបានចូលរួមនិងសូមឲ្យលោកមេឃុំជួយផ្សព្វផ្សាយបន្ត គឺ សូមឲ្យប្រជាកសិករ រក្សាទុកស្រូវនៅជ្រុងណាមួយនៃដីស្រែដែលគិតថាមានបរិមាណស្រូវសមល្មមសម្រាប់ព្រោះលើផ្ទៃដីដាំបន្ត ដោយធ្វើសម្អាតស្មៅ កាត់ពូជលាយ និងសម្រាំងគ្រាប់ឲ្យបានស្អាតល្អ។ ការធ្វើបែបនេះ វានឹងអាចឲ្យយើងមានពូជគុណភាពសមរម្យនិងកាត់បន្ថយចំណាយលើការទិញពូជពីក្រៅ។
សូមជម្រាបជូនថា ឆ្នាំ២០២២ ដំណាស្រូវរបស់ប្រជាកសិករក្នុងខេត្តត្បូងឃ្មុំ ៣ ៩០៥,៧០ហិកតា ខូចខាតដោយសារទឹកជំនន់ ស្មើនឹង ៤ ៩៩២គ្រួសារ ហើយទទួលបានការជួយអន្តរាគមន៍ផ្តល់ស្រូជពីរាជរដ្ឋាភិបាល ៣៩៥ ០៥០គីឡូក្រាម។ តាមរយៈការចុះពិនិត្យកន្លងមកស្រូវមានដំណុះល្អ លូតលាស់ល្អ ហើយរហូតមកដល់ពេលនេះ ស្រូវទាំងអស់បានប្រមូលផលរួចរាល់ដោយមានទិន្នផលជាមធ្យម ៥,៥តោនក្នុងមួយហិកតា លក់បានក្នុងតម្លៃជាមធ្យម ១០២០រៀលក្នុងមួយគីឡូក្រាម។ កសិករត្រូវចុះស្រែជាទៀងទាត់ ដើម្បីតាមដានទប់ស្កាត់សមាសភាពចង្រៃ។