ដំណាំពោតក្នុងស្រុកត្បូងឃ្មុំឆ្នាំនេះ មានស្ថានភាពល្អប្រសើរ
ថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងជាប្រធានអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត ដឹកនាំសហការី បានចុះពិនិត្យពោត អនុវត្តបង្ហាញនិងប្រគល់ធាតុចូលកសិកម្ម (ជីកសិកម្ម 20-8-20 & 46-00-00 )ដល់កសិករសហការអនុវត្តបង្ហាញដល់កសិករ ៤បង្ហាញ/៤គ្រួសារ និងណែនាំ តម្រង់ទិសបច្ចេកទេសកសិកម្មបន្ថែម នៅភូមិកំពង់ឬស្សី ឃុំជីរោទិ៍ទី១ និងភូមិម៉ាស៊ីន កិនស្រូវ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមកិច្ចសម្របសម្រួល និងតាមដាន អនុវត្តផ្ទាល់ដោយមន្ត្រីអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយ ភាតរៈបរិស្ថាន (CFAVC) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។
ការធ្វើបង្ហាញនេះ ត្រូវអនុវត្តលើផ្ទៃដី ០,៥០ហិកតា/បង្ហាញ ដោយប្រើគ្រាប់ពូជពោតអ៊ីប្រ៊ីដ កម្ពុជា០១ (Cambodia Hybrid Maize 01-CHM01 ) ដែលជាពូជស្រាវជ្រាវបង្កាត់ដោយ អ្នកបច្ចេកទេសកម្ពុជាយើង ហើយបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
តាមការរៀបរាប់របស់លោក លី សុខ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម (011 759 708)បានឲ្យដឹងថា នៅឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ផ្ទៃដីដាំដុះពោត ប្រមាណ ៣ ២០០ហិកតា ។ ដោយឡែកលោក ចៅ រ៉ូនី ជាកសិករសហការអនុវត្តបង្ហាញ (097 844 4421) បានឲ្យដឹងថា នៅឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ផ្ទៃដីដាំដុះពោត ប្រមាណ ៥០០ហិកតា។
នៅភូមិសាស្ត្រស្រុកត្បូងឃ្មុំ អាចដាំដុះពោតបាន ២ដង/ឆ្នាំលើផ្ទៃដីតែមួយ។ តាមការពិនិត្យជារួម បង្ហាញថានៅរដូវប្រាំងឆ្នាំនេះ ដំណាំពោតមានការលូតលាស់ ប្រសើរជាងឆ្នាំមុន។
លោកប្រធានមន្ទីរ បានជម្រាបជូនកសិករពីគោលបំណងនៃការធ្វើបង្ហាញនេះ គឺចង់ឃើញ កសិករប្រើពូជពោតដែលបង្កើតឡើងដោយកម្ពុជាយើងផ្ទាល់ ដែលមានគុណភាពគ្រាប់ពូជល្អ កម្រិតសារធាតុចិញ្ចឹមក្នុងគ្រាប់ពោតឆ្លើយតបតម្រូវការលើទីផ្សារ ផ្តល់ទិន្នផលខ្ពស់ ដើម្បីបង្កើន ចំណូលក្នុងគ្រួសារកសិករ។ នាឱកាសនោះដែរ ក្រុមការងារបានផ្តល់នូវការណែនាំបន្ថែម ដូចតទៅ ៖
១-អនុវត្តការប្រើប្រាស់ជីតាមបច្ចេកទេស តាមសមាសភាពដី តម្រូវការរបស់ដំណាំតាម កម្រិតលូតលាស់ និងកប់ជីទៅក្នុងដីឲ្យបានត្រឹមត្រូវ។
២-កសិករត្រូវចេះមើលបរិមាណសារធាតុចិញ្ចឹម(NPK) នៅលើសំបកបាវ មុនសម្រេច ទិញយកទៅប្រើ ដើម្បីឲ្យឆ្លើយតបតាមការលូតលាស់របស់ពោត។
៣-ពិនិត្យចម្ការជាប្រចាំ លើវត្តមានសត្វល្អិតចង្រៃ (ដង្កូវហ្វូងប្រភេទថ្មី...) ជំងឺផ្សិតដូន្នី មីលឌូ(Downy mildew )ដែលកាចសាហាវនិងមានវិធានការកម្ចាត់ឲ្យបានទាន់ពេលវេលា។
៤-កសិករ ត្រូវធ្វើការកត់ត្រាជាប្រចាំពីពេលវេលាដាំ ស្ថានភាពការលូតលាស់ ការស្រោចស្រព ការដាក់ជី ការរងឥទ្ធិពលពីសត្វល្អិតចង្រៃនិងជំងឺ ព្រមទាំងវិធានការ គ្រប់គ្រងកត្តាផ្សេងៗដែលកើតឡើង...។