ថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី បានចុះពិនិត្យ និងណែនាំបច្ចេកទេសបន្ថែមដល់កសិករដាំដុះស្រូវប្រាំង របស់សមាជិកសហគមន៍កសិកម្មសាមគ្គីកក់ នៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
តាមការរៀបរាប់របស់លោកស្រី សាន់ សារ៉ែន សមាជិកក្រុមប្រឹក្សាភិបាលសហគមន៍បានឲ្យ ដឹងថា ផ្ទៃដីដាំដុះស្រូវប្រាំង ប្រមាណ ៦០ហិកតា។ តាមការពិនិត្យឃើញថា ការដាំស្រូវរបស់កសិករពុំទាន់បានត្រឹមត្រូវតាមបច្ចេកទេសនៅឡើយ ដូចជាការរៀបចំដី ការប្រើប្រាស់ពូជស្រូវ(ពូជលាយ) មានស្មៅចង្រៃ មានជំងឺ និងការប្រើប្រាស់ជីមិនទាន់សមស្របតាមដំណាក់កាលលូតលាស់។ នាពេលជួបសំណេះសំណាលជាមួយកសិករ ក្រុមការងារ បានផ្តល់គំនិត និងណែនាំបច្ចេកទេសកែតម្រូវនិងបំពេញបន្ថែមដូចជា៖
១-ការរៀបចំដីសុំឲ្យស្មើល្អ ភ្លឺស្រែរឹងមាំ។
២-ជំរុញការប្រើប្រាស់ពូជសុទ្ធ ដើម្បីទទួលបានស្រូវដែលមានគុណភាពល្អនិងទិន្នផលខ្ពស់។ ៣-លើកទឹកចិត្តកសិករប្រើប្រាស់ជីពីឡជីវឧស្ម័នសម្រាប់ការដាំដុះដំណាំ ដើម្បីកែលម្អគុណភាពដីនិងកាត់បន្ថយជីគីមីសំយោគ។
៤-កសិករត្រូវជ្រើសរើសទីតាំងផ្នែកណាមួយនៃស្រែទាំងមូលប្រមាណ ៥អារក្នុងមួយហិកតា សម្រាប់រក្សាទុកជាពូជស្រូវដោយខ្លួនឯង ដោយធ្វើការសម្អាតស្មៅចង្រៃ កាត់ពូជលាយ និងសម្រាំងគ្រាប់ពូជសុទ្ធ ឲ្យបានល្អ។
៥-ត្រូវចងក្រុមកសិករស្ម័គ្រចិត្តផលិតពូជស្រូវ សម្រាប់លក់ឲ្យក្រុមផលិតស្រូវចំណី ហើយសហគមន៍កសិកម្ម ត្រូវដើរតួជាអ្នកលក់ពូជស្រូវគ្រឹះ រួចប្រមូលទិញពូជស្រុវវិញ្ញាបនបត្រ ហើយលក់ទៅឲ្យក្រុមផលិតស្រូវចំណី និងប្រមូលទិញស្រូវចំណីពីក្រុមកសិករវិញ ដើម្បីកិនជាអង្ករលក់ ដោយធ្វើកិច្ចសន្យាទិញលក់ត្រឹមត្រូវ
៦-មន្ទីរ នឹងផ្តល់បច្ចេកទេសក្នុងការងារផលិតពូជស្រូវ និងមានវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសផលិតកម្មពូជនិងផលិតកម្មស្រូវចំណី
៧-ជំរុញកសិករលើការដាំដុះស្រូវឲ្យបាន ២ដង/រដូវកាល តែត្រូវតាមដានពីសមត្ថភាពទឹកស្រោចស្រពឲ្យបានច្បាស់លាស់ ចៀសវាងធ្វើច្រើនហួសពីសមត្ថភាពទឹកស្រោចស្រព។