នៅព្រឹកថ្ងៃសុក្រ ៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួង ចុះពិនិត្យស្ថានភាពដំណាំម្រេច ខ្សែច្រវាក់កែច្នៃ វេចខ្ចប់ម្រេចរបស់ក្រុមហ៊ុនសិលា ភេបភ័រនិងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មដែលមានការដាំដុះដំណាំម្រេច នៅទីស្នាក់ការក្រុមហ៊ុនសិលា ភេបភ័រ ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុកមេមត់ លោកអភិបាលនៃគណៈអភិបាលស្រុកមេមត់។
ក្រុមហ៊ុនសិលា ភេបភ័រ ជាក្រុមហ៊ុនបរទេសតែមួយគត់ដែលប្រមូលទិញម្រេច ហើយធ្វើការកែច្នៃវេចខ្ចប់ក្នុងស្រុក មុនដាក់លក់ទាំងក្នុងនិងក្រៅប្រទេស។ ក្រុមហ៊ុន មានកសិករដៃគូតាមបណ្តាសហគមន៍កសិកម្ម ដែលយល់ព្រមអនុវត្តការដាំដុះតាមគោលការណ៍សុវត្ថិភាពត្រឹមត្រូវ ហើយការកែច្នៃវេចខ្ចប់ ក៏បានអនុវត្តតាមបទដ្ឋានបច្ចេកទេសនិងគោលការណ៍អនាម័យខ្ពស់។
បន្ទាប់ពីបានពិនិត្យចម្ការម្រេចនិងខ្សែច្រវាក់កែច្នៃវេចខ្ចប់ម្រេចរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរដល់ក្រុមហ៊ុនដែលបានវិនិយោគក្នុងវិស័យម្រេចដោយធ្វើការកែច្នៃ វេចខ្ចប់មុនលក់ចេញ ដែលបង្កើតការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននិងបង្កើនតម្លៃបន្ថែមសម្រាប់ម្រេច និងបាននាំវត្តមានម្រេចរបស់កម្ពុជាទៅកាន់ពិភពលោក។ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរដល់ក្រុមហ៊ុន បន្តពង្រីកទំហំផលិតកម្ម ដើម្បីស្រូបយកម្រេចឲ្យបានច្រើន ដោយធ្វើកិច្ចសន្យាប្រមូលទិញម្រេចពីសហគមន៍កសិកម្មដែលបានអនុវត្តត្រឹមត្រូវតាមស្តង់ដារសុវត្ថិភាពនិងព្យាយាមសម្រេចតាមស្តង់ដារនានារបស់ទីផ្សារ។ ដោយឡែកចំពោះការដាំដុះ អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម ត្រូវចុះអប់រំណែនាំ បណ្តុះបណ្តាលដល់កសិករពីវិធានការទប់ស្កាត់ កម្ចាត់នូវជំងឺនិងសត្វល្អិតចង្រៃលើដំណាំម្រេចឲ្យអស់ ចៀសវាងកើតឡើងនូវជំងឺនិងសត្វល្អិត ធ្វើឲ្យកសិករ ត្រូវចំណាយប្រាក់ដើម្បីទិញថ្នាំ ទិញជីកាន់តែច្រើន ព្រមទាំងធ្វើឲ្យផ្លែម្រេចអាចបន្សល់កាកសំណល់ដែលហាមឃាត់ មិនសមស្របតាមការចង់បានរបស់ទីផ្សារ។