ថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ចុះពិនិត្យការដាំដុះនិងការប្រមូលផលខ្ទឹមស្លឹក ស្ថិតនៅក្នុងឃុំគោកស្រុក ស្រុកតំបែរ
ចេញ​ផ្សាយ ២៣ មករា ២០២៣
200

ព្រឹកថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ 

សហគមន៍កសិកម្មបៃតងគោកស្រុក សូមជូនព័ត៌មានដល់បងប្អូនអ្នកប្រមូលទិញខ្ទឹមស្លឹកយកទៅលក់បន្ត អាចទាក់ទងមកលេខទូរសព្ទ០៩៧ ៤៤៤ ៧៣១៤ 
លោកប្រធានមន្ទីរ បានដឹកនាំសហការី ចុះពិនិត្យការដាំដុះនិងការប្រមូលផលខ្ទឹមស្លឹក ស្ថិតនៅក្នុងឃុំគោកស្រុក ស្រុកតំបែរ។
-កសិករ សុក រស់ (លេខទូរស័ព្ទ 097 82 51 677) ជាសមាជិកសហគមន៍កសិកម្មបៃតងគោកស្រុក បានរៀបរាប់ថា គាត់បាននិងកំពុងប្រមូលផលខ្ទឹមស្លឹកលើផ្ទៃដី ៥ ០០០ម៉ែត្រការ៉េ ដែលអាចទទួលបានទិន្នផលប្រមាណ ១០ ០០០គីឡូក្រាមលក់បានតម្លៃ ៨០០-១០០០រៀល/គ.ក្រ។ នៅក្នុងខែមករានេះ តម្លៃខ្ទឹមស្លឹក មានការធ្លាក់ថ្លៃ មិនសូវបានចំណេញច្រើន ហើយគាត់បានបន្តទៀតថា នៅក្នុងរដូវវស្សាពិបាកក្នុងការដាំដុះដំណាំខ្ទឹមស្លឹក តែទិន្នផលទាប តែតម្លៃខ្ទឹមស្លឹកបានល្អពី ៣ ០០០-៥ ០០០រៀល/គ.ក្រ។ ចំណែកនៅរដូវប្រាំង ទិន្នផលទទួលបានទ្វេរដង តែតម្លៃមិនសូវបានល្អប្រសើរប៉ុន្មានទេ ជារៀងរាល់ឆ្នាំ។
-លោក តេន ទុំ ប្រធានសហគមន៍កសិកម្ម បានឲ្យដឹងថា នៅក្នុងឃុំគោកស្រុក ស្រុកតំបែរ កសិករ និងសមាជិកសហគមន៍កសិកម្មចូលចិត្តដាំខ្ទឹមស្លឹក ដែលផ្ទៃដីដាំដុះកើនដល់ប្រមាណ ៦៧ហិកតា ដែលអាចប្រមូលផលបានប្រមាណ ១០ ០០០គ.ក្រ/ថ្ងៃ។ ចំពោះស្ថានភាពដំណាំខ្ទឹមស្លឹក ឈ្នូញកណ្ដាលបានប្រមូលទិញបរិមាណដូចសព្វដង តែដោយសារតែការប្រមូលផលរបស់កសិករដល់ពេលព្រមគ្នា ធ្វើឲ្យឈ្នួញកណ្ដាលពិបាក និងមិនមានលទ្ធភាពទិញយកអស់។ ហេតុដូច្នេះ សូមជូនព័ត៌មានដល់បងប្អូនអ្នកប្រមូល ទិញយកទៅលក់បន្ត អាចទាក់ទងមកលេខទូរសព្ទ០៩៧ ៤៤៤ ៧៣១៤ អាចផ្ញើទៅក៏បាន មកដល់ទីតាំងក៏បាន។ តម្លៃពិភាក្សាគ្នាជាក់ស្តែង។ 
ក្នុងឱកាសនោះផងដែរ លោកប្រធានមន្ទីរ បានធ្វើណែនាំ តម្រង់ទិសដល់សហគមន៍កសិកម្មនិងកសិករ មួយចំនួនដូចជា ៖
-ការដាំដុះ ក៏មិនខុសពីការរកស៊ីនោះទេ ឱកាសនិងឧបសគ្គមានដូចគ្នា។ ដូច្នេះពេលចំណេញ យើងត្រូវត្រៀមបម្រុងបំពេញបន្ថែមទៅវិញនៅពេលមានបញ្ហាថ្លៃ
-ត្រូវរៀបចំផែនការដាំដុះឲ្យមានលក្ខណៈប្រដេញគ្នា ជៀសវាងជុញនៅពេលណាមួយ 
-គួរដាំដុះដំណាំច្រើនមុខក្នុងពេលតែមួយ ហើយត្រូវសិក្សាពីលទ្ធភាពទឹកស្រោចស្រព ព្រោះពេលនេះជារដូវប្រាំងផង
-កាត់បន្ថយការប្រើប្រាស់ថ្នាំ ជីគីមី មកប្រើប្រាស់ជីឡជីវឧស្ម័ន ជីលាមកសត្វឲ្យបានច្រើន ព្រោះក្រៅពីផ្តល់សារធាតុចិញ្ចឹមដែលមានតម្លៃថោក តែធ្វើឲ្យដីរបស់យើងល្អប្រសើរឡើងវិញជាបណ្តើរៗ
-សហគមន៍ ត្រូវសាកសួរទីផ្សារធំៗ ដើម្បីរកលទ្ធភាពយកកសិផលទៅលក់ដោយខ្លួនឯង។

ចំនួនអ្នកចូលទស្សនា
Flag Counter