ចុះពិនិត្យស្រូវស្រាលរដូវវស្សានិងស្រូវស្រាលរដូវប្រាំងដែលបានដាំស្តាឡើងវិញបន្ទាប់ពីរងការខូចខាតដោយទឹកជំនន់
ចេញ​ផ្សាយ ១១ មករា ២០២៣
78

ព្រឹកថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣ លោកប្រធានមន្ទីរ បានដឹកនាំមន្ត្រីជំនាញ សហការជាមួយលោកមេឃុំជំនីក ចុះពិនិត្យស្រូវស្រាលរដូវវស្សានិងស្រូវស្រាលរដូវប្រាំងដែលបានដាំស្តាឡើងវិញបន្ទាប់ពីរងការខូចខាតដោយទឹកជំនន់នាពេលកន្លងមក នៅឃុំជំនីក ស្រុកក្រូចឆ្មារ។
លោក មេឃុំជំនីក បានមានប្រសាសន៍ថា ក្នុងឃុំមានផ្ទៃដីស្រូវ ប្រមាណជាង ៣០០ហិកតា ហើយមានអាងទឹកធំៗចំនួន ២ ដែលអាចឲ្យកសិករធ្វើការដាំដុះបាន ២ដងជាស្រូវអាយុកាលខ្លី ម្តងចុងរដូវវស្សានិងម្តងដើមរដូវប្រាំង។ នៅចុងរដូវវស្សាឆ្នាំ២០២២ ស្រូវក្នុងឃុំជំនីក ២៤២ហិកតា បានជន់លិចដោយទឹកជំនន់ទឹកទន្លេមេគង្គនិងទឹកភ្លៀង ហើយទទួលបានការអន្តរាគមន៍ផ្តល់គ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាលគ្រប់ៗគ្នា ធ្វើឲ្យប្រជាកសិករអាចស្តារឡើងវិញគ្រប់ចំនួន។ ប្រជាកសិករមានចិត្តសប្បាយរីករាយដោយបានជួយដោះស្រាយចំណាយបានមួយចំនួន ហើយគ្រាប់ពូជមានដំណុះល្អ។ សម្រាប់ពេលនេះតម្លៃស្រូវក៏ល្អប្រសើរ ៩៨០រៀលក្នុងមួយគីឡូក្រាម។
ក្នុងឱកាសនោះ ក្នុងបំណងជំរុញផលិតកម្មស្រូវស្របតាមបច្ចេកទេស កាត់បន្ថយថ្លៃដើមផលិត និងឆ្លើយតបភាពតម្រូវរបស់ទីផ្សារ ក្រុមការងារបានផ្តល់ការណែនាំតម្រង់ទិសដូចជា ៖
-ជំរុញលើកទឹកចិត្តឲ្យកសិករជ្រើសរើសទីតាំងផ្នែកណាមួយនៃស្រែទាំងមូលប្រមាន ៥អារក្នុងមួយហិកតា សម្រាប់រក្សាទុកជាពូជស្រូវដោយខ្លួនឯង ដោយធ្វើការកាត់ពូជលាយនិងសម្រាំងគ្រាប់ពូជដែលមានគ្រាប់ធំល្អ
-ត្រូវផ្សព្វផ្សាយរកកសិករស្ម័គ្រចិត្តផលិតពូជស្រូវសម្រាប់លក់ជូនកសិករដទៃទៀត កាត់បន្ថយការទិញពីក្រៅដែលយើងមិនបានដឹងច្បាស់ពីប្រភព គុណភាព និងកម្រិតភាពសុទ្ធ មន្ទីរនឹងផ្តល់បច្ចេកទេសក្នុងការងារផលិតពូជស្រូវ និងមានវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសផលិតកម្មពូជនិងផលិតកម្មស្រូចំណី 
-ជំរុញកសិករលើការដាំដុះស្រូវឲ្យបាន ២ដង/រដូវកាល តែត្រូវតាមដានកម្រិតប្រភពទឹកស្រោចស្រពឲ្យបានច្បាស់លាស់ ចៀសវាងធ្វើច្រើនហួសពីសមត្ថភាពទឹកស្រោចស្រព
-ផ្សព្វផ្សាយឲ្យបហរជាកសិករចងក្រងជាសហគមន៍កសិកម្ម ដើម្បីប្រមូលផ្តុំកម្លាំងផលិតកម្ម ឆ្លើយតបភាពតម្រូវរបស់ទីផ្សារ។

ចំនួនអ្នកចូលទស្សនា
Flag Counter