នៅរសៀលថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣ លោកប្រធានមន្ទីរ បានដឹកនាំសហការីចុះពិនិត្យនិងជួបសំណេះសំណាលកសិករដាំបន្លែសុវត្ថិភាពក្នុងសហគមន៍កសិកម្មអូររាំងឪមានជ័យ ភូមិទំនាប ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
តាមរបាយការណ៍របស់លោក ហាន សុខមឿន ប្រធានសហគមន៍កសិកម្មអូររាំងឪមានជ័យ បានរៀបរាប់ថា ប្រព័ន្ធស្រោចស្រពបន្លែដែលបានផ្តល់ជូនដោយរាជរដ្ឋាភិបាល ផ្តល់អត្ថប្រយោជន៍ដល់សមាជិកសហគមន៍ ៤១គ្រួសារ ដើម្បីបម្រើឲ្យការដាំបន្លែសុវត្ថិភាពលើផ្ទៃដី ៣៦ហិកតា រួមមានបន្លែដូចជា ត្រសក់ចំណារ ឆៃថាវ ម្នាស់ សណ្តែកកួរ ម្រះ ត្រប់ស្រួយ ស្ពៃ រួមទាំងដំណាំឈើហូបផ្លែផងដែរ។ បច្ចុប្បន្ននេះ ទាក់ទងទីផ្សារមិនមានអ្វីជាបញ្ហានោះទេ មានឈ្មួញកណ្តាលមកប្រមូលទិញអស់ៗដល់កន្លែង ហើយមួយចំនួន បាននាំយកទៅលក់ខ្លួនឯងនៅផ្សារអូររាំងឪ។ តម្លៃមិនជាការបារម្មណ៍នោះទេ លើកលែងតែត្រសក់ចំណារដែលចុះថ្លៃបន្តិច។ អ្វីដែលមានការបារម្មណ៍រៀងរាល់ឆ្នាំ គឺបញ្ហាទឹកស្រោចស្រព តែឆ្នាំនេះ បានប្រព័ន្ធស្រោចស្រពដែលរៀបចំឧបត្ថម្ភពីរាជរដ្ឋាភិបាល អាចដោះស្រាយដល់កសិករបាន ដែលទឹកបានបញ្ជូនទៅដល់ក្បាលដីចម្ការបន្លែតែម្តង។ យើងខ្ញុំសប្បាយចិត្តនិងអរគុណរាជរដ្ឋាភិបាលដែលបានរៀបចំប្រព័ន្ធទឹកនេះ។ អរគុណមន្ទីរកសិកម្ម ដែលបានបញ្ជូនមន្ត្រីជំនាញបណ្តុះបណ្តាលបច្ចេកទេសនិងសម្របសម្រួលគាំទ្រជារៀងរហូត។
កសិករ ហាន សុខមឿន លេខទូរសព្ទ ០៨៨៦៦៤៧៣៨៥ ដែលដាំឆៃថាវលើផ្ទៃដី ៤០អារ សំដែងការសប្បាយចិត្តដោយបានទឹកបង្ហូរដល់ក្បាលដីចម្ការតែម្តង មិនលំបាកបញ្ឆេះម៉ាស៊ីនបូម មើលប្រេង មើលទុយោដូចមុននោះទេ ហើយសូមអរគុណដល់ក្រសួងកសិកម្មដែលបានគិតគូរដល់ពួកគាត់។ ការប្រមូលឆៃថាវរបស់គាត់ ណឹងអាចដំណើរការនៅ២០ថ្ងៃក្រោយអំឡុងចូលឆ្នាំចិន។
ជាការតម្រង់ទិស ក្រុមការងារបាន ៖
១-ចូលរួមប្រើប្រាស់ទឹកពីប្រព័ន្ធស្រោចស្រព ដែលរាជរដ្ឋាភិបាលផ្តល់ជូនឲ្យបានគ្រប់ៗគ្នា កាត់បន្ថយការប្រើម៉ាស៊ីនបូមខ្លួនឯងដែលចំណាយប្រេងច្រើននិងកាត់បន្ថយចំណាយលើបន្ទុកភ្លើងអគ្គីសនី។ ត្រូវចូលរួមថែទាំប្រព័ន្ធស្រោចស្រពនេះឲ្យបានល្អ ព្រោះជាដើមទុនរបស់់យើងហើយ
២-ប្រើប្រាស់ប្រព័ន្ធតំណក់ស្រោចស្រព កាត់ បន្ថយបរិមាណទឹក កាត់បន្ថយភាពជាំទឹកនិង កៅស៊ូគម្របដី ដែលកាត់បន្ថយស្មៅដែលជា សំបុកសត្វល្អិតចង្រៃ
៣-ពង្រឹងក្រុមផលិត ដោយធ្វើការដាំដុះត្រូវមាន ផែនការជាក់លាក់ជៀសវាងភាពជុញ និងដាំ ដំណាំខុសប្រភេទគ្នាក្នុងពេលតែមួយ
៤-ព្យាយាមពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ឲ្យក្លាយសហគមន៍ធុរកិច្ច ដើម្បីផ្សារភ្ជាប់ទៅកាន់ ទីផ្សារបោះដុំ
៥-ត្រូវព្យាយាមកែច្នៃកសិផល ជាពិសេស ឆៃថាវ ដើម្បីបង្កើនតម្លៃនិងបង្កើតការងារឲ្យបានច្រើន។