ការប្រើប្រាស់ទឹកស្រោចស្រពព្រមគ្នា នឹងជួយកាត់បន្ថយចំណាយលើអគ្គិសនី ប្រេងឥន្ធនៈ និងសេវាថែទាំម៉ាស៊ីនបូមទឹក
ចេញ​ផ្សាយ ០៥ មករា ២០២៣
76

នាព្រឹកថ្ងៃអង្គារ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ លោកប្រធានមន្ទីរ បានដឹកនាំសហការីចុះពិនិត្យនិងជួបសំណេះសំណាលកសិករដាំបន្លែសុវត្ថិភាពក្នុងសហគមន៍កសិកម្មល្ងៀងមានជ័យ ភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
តាមរបាយការណ៍របស់លោក ណូត ធន់ ប្រធានសហគមន៍កសិកម្មល្ងៀងមានជ័យ បានរៀបរាប់ថា ក្នុងរដូវកាលនេះ សមាជិកសហគមន៍ ៤៥គ្រួសារ បានធ្វើការដាំបន្លែសុវត្ថិភាពលើផ្ទៃដី ២៥ហិកតា រួមមានបន្លែដូចជា ត្រសក់ចំណារ ត្រឡាចគីឡូ ននោងជ្រុង សណ្តែកកួរ ត្រប់ស្រួយ ពពាយ។ ទាក់ទងទីផ្សារមិនមានអ្វីជាបញ្ហានោះទេ មានឈ្មួញកណ្តាលមកប្រមូលទិញអស់ៗ ហើយមួយចំនួន បាននាំយកទៅលក់ខ្លួនឯងនៅសួង។ តម្លៃមិនជាការបារម្មណ៍នោះទេ លើកលែងតែត្រសក់ចំណារដែលចុះថ្លៃបន្តិច។ អ្វីដែលមានការបារម្មណ៍រៀងរាល់ឆ្នាំ គឺបញ្ហាទឹកស្រោចស្រព តែឆ្នាំនេះ បានប្រព័ន្ធស្រោចស្រពដែលរៀបចំឧបត្ថម្ភពីរាជរដ្ឋាភិបាល អាចដោះស្រាយដល់កសិករបាន ដែលទឹកបានបញ្ជូនទៅដល់ក្បាលដីចម្ការបន្លែតែម្តង។ យើងខ្ញុំសប្បាយចិត្តនិងអរគុណរាជរដ្ឋាភិបាលដែលបានរៀបចំប្រព័ន្ធទឹកនេះ។ អរគុណមន្ទីរកសិកម្ម ដែលបានបញ្ជូនមន្ត្រីជំនាញបណ្តុះបណ្តាលបច្ចេកទេសនិងសម្របសម្រួលគាំទ្រជារៀងរហូត។
កសិករ ញ៉ សិល លេខទូរសព្ទ ដែលដាំត្រសក់ចំណារលើផ្ទៃដី ៣០អារ សំដែងការសប្បាយចិត្តដោយបានទឹកបង្ហូរដល់ក្បាលដីចម្ការតែម្តង មិនលំបាកបញ្ឆេះម៉ាស៊ីនបូម មើលប្រេង មើលទុយោនោះ ហើយសូមអរគុណដល់ក្រសួងកសិកម្មដែលបានគិតគូរដល់ពួកគាត់។ ការមូលត្រសក់របស់គាត់បាន៨ថ្ងៃ ដែលមកដល់ថ្ងៃនេះត្រសក់កើនដល់៥០០គក្រ ហើយនឹងកើនឡើងទៀត។ តាមស្ថានភាពត្រសក់ គាត់សង្ឃឹមថានឹងអាចប្រមូលបានមួយខែ។ តម្លៃចុះបន្តិចមែន តែនៅទទួលបានចំណេញដោយសារកាត់បន្ថយចំណាយបានខ្លះ។
ជាការតម្រង់ទិស ក្រុមការងារបាន ៖
១-ចូលរួមប្រើប្រាស់ទឹកពីប្រព័ន្ធស្រោចស្រពដែលរាជរដ្ឋាភិបាលផ្តល់ជូនឲ្យបានគ្រប់ៗគ្នា កាត់បន្ថយការប្រើម៉ាស៊ីនបូមខ្លួនឯងដែលចំណាយប្រេងច្រើននិងកាត់បន្ថយចំណាយលើបន្ទុកភ្លើងអគ្គីសនី។ ត្រូវចូលរួមថែទាំប្រព័ន្ធស្រោចស្រពនេះឲ្យបានល្អ ព្រោះជាដើមទុនរបស់់យើងហើយ
២-ប្រើប្រាស់ប្រព័ន្ធតំណក់ស្រោចស្រព កាត់បន្ថយបរិមាណទឹក កាត់បន្ថយភាពជាំទឹកនិងកៅស៊ូគម្របដី កាត់បន្ថយស្មៅដែលជាសំបុកសត្វល្អិតចង្រៃ
៣-ពង្រឹងក្រុមផលិត ដោយធ្វើការដាំដុះត្រូវមានផែនការជាក់លាក់ជៀសវាងភាពជុញ
៤-ព្យាយាមពង្រឹងសមត្ថភាពសហគមន៍កសិកម្មឲ្យក្លាយសហគមន៍ធុរកិច្ច ដើម្បីផ្សារភ្ជាប់ទៅកាន់ទីផ្សារបោះដុំ

ចំនួនអ្នកចូលទស្សនា
Flag Counter