នាព្រឹកថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងទី១៤ ខធ្នូ ឆ្នាំ២០២២
តាមរយៈគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរ:ស្ថាន (CFAVC) ដែលមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ជាអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត លោកប្រធានមន្ទីរ បានដឹកនាំសហការី ចុះពិនិត្យនិងតាមដានវឌ្ឍនភាពនៃការអនុវត្តគម្រោង ដែលបានសាងសង់ឃ្លាំងស្តុកកសិផលជូនសហគមន៍ចំនួន១ឃ្លាំង ដែលមានសមត្ថភាពស្តុកស្រូវបានបរិមាណ ១០០តោន ។
តាមរយៈការរាយការណ៍របស់លោកស្រី សាន់ សារ៉ែន អនុប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសាមគ្គីកក់ បានឲ្យដឹងថា បន្ទាប់ពីទទួលបានការគាំទ្រឃ្លាំងស្តុកស្រូវពីគម្រោង សហគមន៍ បានរៀបចំផ្ទៃដីផលិតស្រូវរដូវប្រាំងចំនួន ៦៦ហិកតា នៅសងខាងប្រឡាយទឹក ដោយអាចធ្វើស្រែបាន ២ ទៅ ៣ដងក្នុងមួយឆ្នាំ។
ក្រោយពីជួបពិភាក្សាជាមួយលោកមេឃុំ លោកមេភូមិ ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ព្រមទាំងបានចុះពិនិត្យមើលទីតាំងផលិតកម្មស្រូវរដូវប្រាំងរបស់សមាជិកសហគមន៍រួចមក ខ្ញុំ បានផ្តល់ការណែនាំតម្រង់ទិសមួយចំនួនដល់សហគមន៍ដូចខាងក្រោម ÷
-ត្រូវរៀបចំចងក្រងសមាជិកសហគមន៍កសិកម្មនិងប្រជាពលរដ្ឋ ដែលមានផ្ទៃដាំដុះស្រូវជាក្រុមផលិតស្រូវចំណី និងក្រុមផលិតស្រូវពូជ ដើម្បីមានពូជខ្លួនឯងដែលជាពូជសុទ្ធល្អ
-ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មត្រូវពិភាក្សាគ្នា បង្កើនទុន ដើម្បីប្រមូលទិញស្រូវស្តុកទុកក្នុងឃ្លាំងសម្រាប់កិនជាអង្ករលក់ក្នុងនិងក្រៅខេត្ត
-ត្រូវជួបប្រជុំពិភាក្សាជាមួយសមាជិក អាជ្ញាធរ មន្ទីរ អង្គភាពជុំនាញពាក់ព័ន្ធពីការគ្រប់គ្រង ទឹក សម្រាប់ប្រើប្រាស់ក្នុងផលិតកម្មស្រូវប្រកបដោយសមធម៌ និងចៀសវាងធ្វ់ស្រែហួសសមត្ថភាពទឹកផ្គត់ផ្គង់
-ប្រជុំផ្សព្វផ្សាយនិងជំរុញប្រពលរដ្ឋដែលមានចិញ្ចឹមសត្វគោក្របី ឱ្យសាងសង់ឡជីវឧស្ម័ន ដើម្បីទទួលបាននូវថាមពលសម្រាប់ប្រើប្រាស់ និងជីសម្រាប់ដំណាំ ដើម្បីចូលរួមចំណែកការពារបរិស្ថាន និងកាត់បន្ថយការចំណាយលើការទិញជីគីមី។