បញ្ហាប្រឈមរបស់កសិករដែលកំពុងខ្វះទឹកស្រោចស្រពដំណាំបន្លែ
នៅរសៀលថ្ងៃអង្គារ ១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ លោកប្រធានមន្ទីរ និងសហការី បានចុះពិនិត្យ ស្ថានីយ៍បូមទឹកស្រោចស្រពដំណាំបន្លែ ដែលកំពុងខ្វះទឹកស្រោចស្រព នៅសហគមន៍កសិកម្មបៃតងគោកស្រុក ស្ថិតនៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
លោក តេន ទុំ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មបៃតងគោស្រុក បាន រាយការណ៍ថា ចាប់តាំងពីដើមខែធ្នូ ឆ្នាំ២០២២នេះ ដោយមានការពង្រីកផ្ទៃដីដាំដុះ ដំណាំបន្លែ ហើយការប្រើប្រាស់ទឹកចេះតែកើនឡើង ដែលធ្វើឲ្យធារទឹកក្នុងអាង បានស្រកចុះជាខ្លាំង ដែលប្រឈមនឹងការខ្វះទឹកស្រោចស្រពដំណាំបន្លែរបស់សហគមន៍ នាពេលខាងមុខ។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានណែនាំតម្រង់ទិសមួយចំនួនដូចជា៖
-ត្រូវកំណត់ផ្ទៃដីដាំដុះឲ្យបានសមស្រប មិនត្រូវពង្រីកផ្ទៃដីថែមទៀតនោះទេ
-ត្រូវចេះសន្សំសំចៃទឹកស្រោចស្រព ហើយត្រូវប្រើប្រាស់ប្រព័ន្ធតំណក់ទឹកក្នុងការស្រោច ស្រព ដែលប្រើទឹកតិច និងផ្តល់ផលចំណេញយ៉ាងច្រើនសម្រាប់កសិករ
-ត្រូវរៀបចំបូមទឹកដែលហូរកាត់ក្បែរទីនោះបញ្ចូលទៅក្នុងអាងឲ្យពេញ ដើម្បីស្តុកទឹកទុក ប្រើប្រាស់បានមួយរយៈថែមទៀត។
ជាមួយគ្នានោះដែរ លោកប្រធានមន្ទីរ បានផ្តល់ប្រេងម៉ាស៊ូតចំនួន ១០០លីត្រ ដើម្បីជួយសម្រួលដល់ សហគមន៍ក្នុងការបូមទឹកបញ្ចូលក្នុងអាង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម