ប្រើប្រាស់ជីកំប៉ុស្ដិ៍កាន់តែច្រើន ជួយកែលម្អដីកាន់តែល្អ និង កាត់បន្ថយការចំណាយលើការទិញជីគីមីមកប្រើប្រាស់
ថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២នេះ អង្គភាពអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយ ភាតរៈបរិស្ថាននៃមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានសម្របសម្រួលរៀបចំបិទវគ្គបណ្តុះ បណ្តាល ស្តីពីការផលិតជីកំប៉ុស្តិ៍និងការប្រើប្រាស់ ដល់កសិករនិងសមាជិកសហគមន៍ កសិកម្ម ក្រោមអធិបតីភាព លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងជាប្រធានអង្គភាពអនុវត្តគម្រោងខេត្តត្បូងឃ្មុំ ដោយ មានសិក្ខាកាមចូលរួមសរុបចំនួន ២០នាក់ ក្នុងស្រីចំនួន ៩នាក់។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងដូចខាងក្រោម៖
-ផ្តល់ចំណេះដឹងពីកែច្នៃនិងការផលិតជីកំប៉ុស្តិ៍ ផ្សំពីជីឡជីវឧស្ម័នរាវ និងការប្រើប្រាស់ ជីឡជីវឧស្ម័ន
-ផ្តល់ចំណេះដឹងពីការផលិតជីកំប៉ុស្តិ៍គោកនិងកំប៉ុស្តិ៍ទឹក រយ:ពេលខ្លី
-ជំរុញកសិករឲ្យប្រើប្រាស់ជីធម្មជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមី
-បង្ហាញពីអត្ថប្រយោជន៍ឡជីវឧស្ម័ននិងជីឡជីវឧស្ម័ន
-ផ្តល់បច្ចេកទេសដាំដុះដំណាំបន្លែយកស្លឹកលើធ្នើ ឬ លើរាន
-ធ្វើការអនុវត្តផ្ទាល់ពីរៀបធ្វើជីកំប៉ុស្តិ៍រយ:ពេលខ្លី។
សូមជម្រាបថា គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងនៃខ្សែច្រវាក់តម្លៃកសិកម្មលើដំណាំស្រូវ ពោត ដំឡូងមី និងផលិតកម្ម ស្វាយ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពត និងខេត្តតាកែវ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការកសាងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ដូចជាឃ្លាំង អគារបណ្តុះបណ្តាល រោងជាងជួសជុលគ្រឿងចក្រកសិកម្ម និង ការលើកកម្ពស់ការប្រើប្រាស់ថាមពលកកើត ឡើងវិញតាមរយៈការសាងសង់ឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍ដល់អ្នកទទួលផល លើកកម្ពស់ការប្រើប្រាស់ ការគ្រប់គ្រង និងការស្តុកទុកជីឡជីវឧស្ម័ន និងជីកំប៉ុស្តិ៍ផ្សំពីជីឡជីវឧស្ម័ន សម្រាប់ប្រើប្រាស់លើដំណាំ។
ឡជីវឧស្ម័ន ត្រូវបានរំពឹងថានឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ តាមរយៈរបៀបបីយ៉ាង៖
១-ការជំនួសឥន្ធនៈចម្អិនអាហារដោយថាមពលកកើតឡើងវិញ (ឡជីវឧស្ម័ន)
២-ការកាត់បន្ថយការបំភាយឧស្ម័នមេតានពីលាមកសត្វដោយចាប់យកថាមពលមក ដុតកំដៅប្រើប្រាស់។
៣-ការផ្លាស់ប្តូរពីប្រើជីគីមី ដោយមកប្រើជីឡជីវឧស្ម័ន និងជីកំប៉ុស្តិ៍ផ្សំពីជីឡជីវឧស្ម័ន។