នៅរសៀលថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ លោកប្រធានមន្ទីរ បានដឹកនាំសហការី បានចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាភិបាល និងសមាជិកសហគមន៍កសិកម្មតំបែរមានជ័យនិងសហគមន៍កសិករតំបែរ ដើម្បីក្តាប់ពីដំណើរការប្រមូឡទិញ វេចខ្ចប់ និងស្តុកស្រូវពូជ ដែលមានទីតាំងនៅភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ ទុនទិញស្រូវពូជនិងការពង្រឹងសុវត្ថិភាពនិងគុណភាពកសិផល ជាពិសេសម្រេច ត្រូវបានពិភាក្សានិងរកដំណោះស្រាយក្នុងបរិយាកាសប្រកបដោយស្ថាបនា។ ទាក់ទងទុន សហគមន៍ទាំងពីរ បានឈានដល់ការយោគយល់គ្នាជួយគ្នាទៅវិញទៅមក ដើម្បីប្រមូលទិញស្រូវពូជឲ្យបានច្រើន។ ទាក់ទងម្រេច ដោយមានអនុសារណៈនាំចេញទៅប្រទេសចិន មន្ត្រីជំនាញ បានណែនាំឲ្យកសិករដាំម្រេច ត្រូវចូលរួមអនុវត្តតាម គោលការណ៍ អនុវត្តកសិកម្មល្អ(GAP) ដើម្បីឆ្លើយតបការតម្រូវសម្រាប់ការនាំចេញទៅក្រៅប្រទេស ជាពិសេសប្រទេសចិន។ នាឱកាសនោះដែរ ខ្ញុំ បានផ្តល់ការណែនាំ ដើម្បីជាធាតុចូលមួយចំនួនដល់សមាជិកសហគមន៍កសិកម្ម ក្នុងការរួមចំណែកការកាត់បន្ថយថ្លៃដើមផលិតកម្មនិងតម្រង់ទិសទីផ្សារកសិផលដូចជា ៖
-ត្រូវចូលរួមសាងសង់ឡជីវឧស្ម័ន ដើម្បីប្រមូលយកកាក សំណល់ឡទៅប្រើលើដំណាំ ជំនួសជីគីមីវិញ
-ត្រូវកែច្នៃវត្ថុធាតុដើមដែលមានក្នុងមូលដ្ឋានផលិតជាជី កំប៉ុស្តទឹកនិជីកំប៉ុស្តគោក ដើម្បីទទួលបានកសិផលដែលមានសុវត្ថិភាព ឆ្លើយតបតម្រូវការរបស់ទីផ្សារ
-ការប្រើប្រាស់ជីនិងថ្នាំកសិកម្មឲ្យចំទិសដៅនិងស្របតាមបទដ្ឋានបច្ចេកទេសណែនាំ
-ត្រូវជំរុញផលិតស្រូវពូជឲ្យបានច្រើនប្រភេទ ជាពិសេសពពួកពូជស្រូវOM ជាដើមដើម្បីបំពេញតម្រូវការទីផ្សារ
-កសិករដាំម្រេច ត្រូវដាក់ពាក្យស្មើសុំវាយតម្លៃការចុះបញ្ជី ចម្ការអនុវត្តកសិកម្មល្អ និងដាក់ពាក្យស្មើសុំចុះបញ្ជីចម្ការម្រេចសម្រាប់នាំចេញផ្លែម្រេចទៅកាន់ប្រទេសចិន ព្រមទាំងចូលរៀនសូត្រពី គោលការណ៍អនុវត្តកសិកម្មល្អនិងកត់ត្រារាល់ប្រតិបត្តិការ ក្នុងការដាំដុះម្រេចឲ្យបានត្រឹមត្រូវ
-ក្រុមប្រឹក្សាភិបាលសហគមន៍ ត្រូវរៀបចំសន្និបាតសហគមន៍ឲ្យបានជារៀងរាល់ឆ្នាំ ដើម្បីបង្កើនដល់ទំនុកចិត្តដល់សមាជិកនិងដៃគូទីផ្សារ។