ពូជនៅក្បែរខ្លួន ប្រសើរជាងពូជមិនស្គាល់ប្រភព
ព្រឹកថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងជាប្រធានអង្គភាពអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថានថ្នាក់ខេត្ត បានដឹកនាំសហការី ចុះពិនិត្យ.តាមដាន ណែនាំបច្ចេកទេសបន្ថែមដល់កសិករ ឡេង ថានី ដែលបានអនុវត្តបង្ហាញផលិតកម្មពូជស្រូវផ្ការំដួល លើផ្ទៃដី ០,២៥ហិកតា នៅភូមិទួលសូព័រ ឃុំទួលសូភី ស្រុកអូររាំងឪ។
តាមផែនការសកម្មភាពឆ្នាំ២០២២ របស់គម្រោងខ្សែច្រវាក់ផលិតកម្មដោយ ភាតរៈបរិស្ថាន(CFAVC) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ការអនុវត្តបង្ហាញផលិតកម្មពូជស្រូវ (ពូជសុទ្ធគ្រឹះ) ចំនួន ២២បង្ហាញ ស្មើនឹង ២២គ្រួសារ លើផ្ទៃដីសរុប ៥,៧៥ហិកតា រួមមានប្រភេទពូជស្រូវ ផ្ការំដួល ផ្កាមាលតី និងពូជខា១៦ នៅក្នុងស្រុកតំបែរ ស្រុកអូររាំងឪ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ គិតត្រឹមថ្ងៃទី២៦ ខែតុលា នេះការអនុវត្តបង្ហាញ សម្រេចបាន ១០០%នៃផែនការ។
ការបង្ហាញផលិតកម្មពូជស្រូវនេះ ក្នុងគោលបំណង៖
-ស្វែងរកចម្លើយតបរបស់កសិករ និងកម្រិតនៃការទទួលការប្រើប្រាស់ ពូជស្រូវមានគុណភាព មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ
-ផ្សព្វផ្សាយបច្ចេកទេសផលិតកម្មដំណាំស្រូវ ដោយប្រើពូជស្រូវធន់ទៅនឹងអាកាសធាតុ
-បង្កើនប្រាក់ចំណូលកសិករតាមរយៈការប្រើពូជស្រូវមានគុណភាព មិននាំមកនូវស្មៅចង្រៃប្លែកៗ និងមានភាពធន់អាកាសធាតុ។
តាមការរៀបរាប់របស់កសិករ ឡេង ថានី គាត់ទទួលបានគ្រាប់ពូជស្រូវសុទ្ធល្អចំនួន ១៥គ.ក្រ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ក្នុងការអនុវត្តបង្ហាញដោយធ្វើការសាប ស្ទូងជាជួរ និងអនុវត្តការបច្ចេកទេសការប្រើប្រាស់ជី តាមការកំណត់របស់មន្ត្រីជំនាញ។ រហូតមកដល់ពេលនេះឃើញថា ស្រូវចេញកួរចេញផ្កាមក មានលក្ខណៈស្រុះគ្នាល្អ (មិនវែង មិនខ្លី) សុទ្ធល្អ និងតាមការប៉ាន់ស្មាន អាចទទួលបានបរិមាណផលស្រូវប្រមាណ ៧៥០-៩៥០គ.ក្រ ។ ម្យ៉ាងវិញទៀតក៏មានកសិករនៅក្នុងភូមិមួយចំនួន បានសុំទិញគ្រាប់ពូជស្រូវរបស់គាត់សម្រាប់ទុកដាំដុះបន្តឆ្នាំក្រោយទៀត។
នាឱកាសនោះ ក្រុមការងារ.បានផ្តល់នូវគន្លឹះសំខាន់ៗបន្ថែម ដល់កសិករដែលទទួលអនុវត្តបង្ហាញដូចជា.៖
-បន្តពិនិត្យកាត់ពូជលាយនៅដំណាក់កាលស្រូវដាក់ទឹកដោះ និងមុនពេលប្រមូលផល ១សប្តាហ៍
-ក្រោយពីប្រមូលត្រូវធ្វើការហាលសម្ងួត និងវេចខ្ចប់តាមបច្ចេកទេស ដើម្បីលក់ជាគ្រាប់ពូជស្រូវ ដែលមានតម្លៃល្អជាង
-បង្កើតជាក្រុម ឬសហគមន៍កសិកម្ម សម្រាប់ផលិតពូជស្រូវបន្ថែម សម្រាប់បំពេញតម្រូវដល់ កសិករទាំងក្នុង ក្រៅតំបន់។