ចុះពិនិត្យនិងវាយតម្លៃលើការខូចខាតដោយទឹកជំនន់និងវិធានការស្តារឡើងវិញ ភូមិសាស្ត្រខេត្តត្បូងឃ្មុំ
ចេញ​ផ្សាយ ១៣ តុលា ២០២២
153

នាព្រឹកថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ​ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម មាស ពិសិដ្ឋ តំណាងឲ្យក្រុមបេសកកម្មក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យនិងវាយតម្លៃលើការខូចខាតដោយទឹកជំនន់និងវិធានការស្តារឡើងវិញ ភូមិសាស្ត្រខេត្តត្បូងឃ្មុំ បានបន្តចុះពិភាក្សានិងវាយតម្លៃលើការខូចខាតដំណាំស្រូវដោយទឹកជំនន់នៅឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយជួបពិភាក្សាជាមួយលោកអភិបាលរងស្រុក មេឃុំ មេភូមិបាស្រី និងប្រជាកសិកររងការខូចខាតដំណាំស្រូវ។ 
តាមរបាយការណ៍របស់លោកមេឃុំព្រះធាតុ បានឲ្យដឹងថា ផ្ទៃដីដំណាំស្រូវ ១៨៩ហិកតា ដំឡូងមី ៥ហិកតា និងពោតក្រហម ៥ហិកតា បានខូចខាត ក្នុងភូមិចំនួន ៩។ ផ្ទៃដីទាំងនេះ អាចធ្វើការដាំឡើងវិញបាន បន្ទាប់ពីទឹកស្រកទៅវិញ ប៉ុន្តែប្រជាពលរដ្ឋជួបប្ះាខ្វះលទ្ធភាពទិញគ្រាប់ពូជមកដាំ។
បន្ទាប់ពីក្តាប់របាយការណ៍និងពិភាក្សាពីវិធីសាស្ត្រឡើងវិញនិងវិធានការទប់ស្កាត់ការកើតឡើងជាថ្មី ក្រុមការងារ បានចុះពិនិត្យជាក់ស្តែងលើទីតាំងស្រូវដែលខូចខាត។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ ភូមិសាស្ត្រខេត្តត្បូងឃ្មុំ មានផ្ទៃដីដំណាំស្រូវ ៣ ៧៣៩ហិកតា បានខូចខាត ក្នុងនោះអាចដាំដំណាំស្រូវស្តារឡើងវិញនៅពេលទឹកស្រកមានចំនួន ៣ ២១៤ហិកតា ចំណែកផ្ទៃដីដែលមិនអាចស្តារឡើងវិញបានដោយខ្វះទឹក ក្រុមការងារបានណែនាំតម្រង់ទិសដាំដំណាំបន្លែ ដូចជា ត្រឡាច ល្ពៅ ឪឡឹក ត្រសក់ស្រូវ  ជាដើម។ ផ្ទៃដីដំណាំបន្លរែ ៤១,៣៤ហិកតា បានខូចខាត តែអាចធ្វើការដាំជាថ្មី នៅពេលស្រកដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter