ចុះពិនិត្យស្ថានភាពស្រូវដែលរងការលិចលង់ដោយសារជំនន់ទឹកទន្លេមេគង្គនិងទឹកភ្លៀង
ចេញ​ផ្សាយ ១១ តុលា ២០២២
84

ព្រឹកថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ.ឆ្នាំខាល​ ចត្វាស័ក.ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៩.ខែតុលា.ឆ្នាំ២០២២  លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ  និងសហការី បានសហការជាមួយលោកអភិបាលរងស្រុកអូររាំងឪ ក្រុមប្រឹក្សាឃុំព្រះធាតុ ឃុំមៀន មេភូមិ កម្លាំងនគរបាលប៉ុស្ត៍ ចុះពិនិត្យស្ថានភាពស្រូវដែលរងការលិចលង់ដោយសារជំនន់ទឹកទន្លេមេគង្គនិងទឹកភ្លៀងនៅឃុំព្រះធាតុនិងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ លោកមេឃុំនៃឃុំទាំង២ បានរៀបរាប់ថា ចូលរដូវបិណ្ឌភ្ជុំបិណ្ឌ ជាទម្លាប់ប្រជាពលរដ្ឋ ត្រូវរៀបចំដីនិងព្រោះស្រូវរដូវប្រាំងប្រដេញទឹក តែឆ្នាំនេះ ក្រោយបិណ្ឌភ្ជុំបិណ្ឌហើយទឹកទន្លេបន្តឡើង ទឹកភ្លៀងបន្តធ្លាក់ ហើយច្រើនទៀត បណ្តាលឲ្យស្រូវពង្រោះទើបដុះរលួយខូច ម្តង​ ជាពីរដង ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការរកលុយទិញពូជព្រោះជាថ្មី មានតែស្នើសុំអន្តរាគមន៍ពីរាជរដ្ឋាភិបាលនូវពូជស្រូវ ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់ប្រជាកសិករ។
ចំពោះបញ្ហានេះ លោកប្រធានមន្ទីរ បានណែនាំឲ្យលោកមេឃុំ ធ្វើការប្រមូលព័ត៌មានឲ្យបានច្បាស់លាស់នូវគ្រួសារកសិករដែលរងការខូចខាតស្រូវ ទាំងផ្ទៃដី ស្ថានភាពគ្រួសារ និងគីតឲ្យបានច្បាស់ថា ភូមិសាស្ត្ររបស់គាត់អាចស្តារឡើងវិញនិងមានលទ្ធភាពរកគ្រាប់ពូជស្រូវបានឬទេ?រាជរដ្ឋាភិបាលដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី តែងគិតគូរត្រៀមគ្រាប់ពូជសម្រាប់អន្តរាគមន៍ជូនប្រជាកសិករដែលជួបការលំបាកខ្លាំង ស្តារដំណាំស្រូវឡើងវិញ។ ហេតុនេះ សូមលោកមេភូមិ មេឃុំ លោកអភិបាលស្រុក ត្រូវក្តាប់ឲ្យបានផ្ទៃដីស្រូវខូចខាត ស្ថានភាពជីវភាពប្រជាកសិករ និងរៀបចំឯកសារឲ្យបានគ្រប់គ្រាន់តាមខ្លឹមសារអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនិងរាយការណ៍ជូនថ្នាក់ដឺកនាំតាមលំដាប់លំដោយ។ ទន្ទឹមនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសិក្សាឲ្យច្បាស់ពីភូមិសាស្ត្រដែលអាចស្តារឡើងវិញបាន ជៀសវាងដាំបានពាក់កណ្តាលទី ខ្វះទឹក ខូចខាតជាថ្មី។
តាមរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាននៅឃុំព្រះធាតុ ខូចខាតស្រូវលើផ្ទៃដី ១៣០ហិកតា គ្រួសាររងគ្រោះ ២០៤គ្រួសារ ក្នុង ៩ភូមិនិងឃុំមៀន ខូចខាតស្រូវលើផ្ទៃដី ៥៩ហិកតា គ្រួសាររងគ្រោះ ៨០គ្រួសារ ក្នុង ៨ភូមិ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter