តាំងពីឆ្នាំ១៩៨៥ សម្តេចតេជោ បានប្តេជ្ញាចិត្តហើយថា មិនបណ្តោយឲ្យប្រជាពលរដ្ឋខ្មែរណាម្នាក់ស្លាប់ដោយសារអត់បាយនោះទេ
បន្ទាប់ពីចុះពិនិត្យដំណាំស្រូវដែលរងផលប៉ះពាល់ដោយជំនន់ទឹកទន្លេមេគង្គ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានដឹកនាំមន្រ្តីរាជការក្រោមឱវាទ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងសហការីសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា និងជនងាយរងគ្រោះចំនួន ៣៨គ្រួសារ នៅភូមិ២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែខ្វល់ខ្វាយ គិតគូរ យកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងបានក្រើនរំឮកជាប្រចាំឲ្យក្តាប់ឲ្យបានពីសុខទុក្ខ ការលំបាក និងដោះស្រាយឲ្យបានទាន់ពេលវេលា។ ទីណា មានការលំបាក ត្រូវតែមានវត្តមានតំណាងរបស់សម្តេច សាខាកាកបាទក្រហម នៅទីនោះ ដោះស្រាយ។
ឆ្លៀតឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា វិបត្តិជំងឺកូវីដ-១៩ បានជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជាផងដែរ ហើយការកើនឡើងនៃវិបត្តិនេះ បានប៉ះពាល់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ថែមទាំងបំផ្លាញដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចក្នុងប្រទេសយ៉ាងធ្ងន់ធ្ងរផងដែរ។ តែទោះបីយ៉ាងណាក៏ដោយ គ្រប់កាលៈទេសៈ ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំរិះរកគ្រប់មធ្យោបាយបង្កើតភាពស៊ាំក្នុងសហគមន៍តាមរយៈការចាក់ស្រោចវ៉ាក់សាំងកូវីដ ១៩ ដែលរហូតមកដល់ពេលនេះ ធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចបានល្អប្រសើរ អាចជួបជុំគ្នាបាន។ មិនត្រឹមតែប្រជាពលរដ្ឋ បានទទួលវ៉ាក់សាំងគ្រប់ៗគ្នា ដោយមិនគិតថ្លៃ អ្នកដែលរងប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ ក៏ទទួលបានរបបសន្តិសុខសង្គមជារៀងរាល់ខែពីរាជរដ្ឋាភិបាល។ ទន្ទឹមប្រទេសយើងទទួលបានការអភិវឌ្ឍ តែប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតក្នុងជីវភាព នៅតែមាន ដែលតម្រូវឲ្យរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់តាមដាននិងជួយដោះស្រាយទៅតាមលទ្ធភាពជាក់ស្តែង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ហើយ ហើយកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមឆន្ទៈដ៏មុតស្រួចរបស់សម្តេច មិនឲ្យប្រជាពលរដ្ឋខ្មែរណាម្នាក់ ស្លាប់ដោយអត់បាយនោះទេ។
ហេតុនេះហើយ ទើបថ្ងៃនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បាននាំយកអំណោយមនុស្សធម៌កាកបាទក្រហមមួយចំនួន ដោយមួយគ្រួសារទទួលបាណ អង្គរ ២៥គ.ក្រ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១០កំប៉ុង និងថវិកាមួយចំនួន។