កម្មវិធីទី២ ព្រឹកថ្ងៃអង្គារ ៩កើត ខែអស្សុជ.ឆ្នាំខាលចត្វាស័ក.ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤.ខែតុលា.ឆ្នាំ២០២២
គាត់ទទួលបានជោគជ័យ លើការចិញ្ចឹមគោបំប៉ននិងបង្កាត់តាមបែបសិប្បនិម្មិត សូមកោតសរសើរនិងលើកទឹកចិត្ត។ គ្រាន់តែអាចម៍ មួយរយលានរៀលក្នុងមួយឆ្នាំ
ឯកឧត្តម.ហុក.ពេជ្រហោះ.អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ.បានអញ្ជើញបន្តចុះសួរសុខទុក្ខគ្រួសារកសិករចិញ្ចឹមគោបំប៉នយកសាច់ និងស្វែងយល់ពីដំណើរចិញ្ចឹមគោបំប៉នរបស់កសិករ.ហួត.លាង.នៅភូមិតារាម.ឃុំចុងជាច.ស្រុកតំបែរ.ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមអមដំណើរពីលោកប្រធានមន្ទីរកសិកម្ម.រុក្ខាប្រមាញ់.និងនេសាទ ខេត្តត្បូងឃ្មុំ.លោកអភិបាលរងនៃគណៈអភិបាលស្រុកតំបែរ.លោកមេឃុំចុងជាចលោកប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល.មន្ត្រីជំនាញ.និងភ្នាក់ងារសុខភាពសត្វភូមិ។
លោក ហួត លាង បានបញ្ជាក់ថា ការចិញ្ចឹមគោរបស់គាត់បានចាប់ផ្តើមពីគោ ៧ក្បាល នៅឆ្នាំ ២០១៣ កើនដល់ ៣៨ក្បាល នៅឆ្នាំ២០១៦ ដោយចិញ្ចឹមលែងឲ្យស៊ីស្មៅនៅទីវាល។ ការ ចិញ្ចឹមបែបនេះ គោ មិនសូវធំ តែងតែឈឺមិនឈប់ និងមិនសូវបានលក់ទេ បន្ទាប់ពីមន្ត្រី ជំនាញពេទ្យសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
បានចុះណែនាំនិងផ្តល់បច្ចេកទេសចិញ្ចឹមគោក្នុងក្រោលជាបន្តបន្ទាប់ ដោយ មិនលែងឲ្យគោស៊ីស្មៅតាមទីវាលដូចមុននោះមក ចាប់ពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន គោរបស់គាត់កើនជាង ៦០០ក្បាល សម្រាប់លក់
មានទាំងគោសាច់និងគោមេយកកូន ហើយពង្រីកបានក្រោល ២ខ្នង ព្រមទាំងមានរោងរក្សាទុកចំបើង ដែលប្រមូលរមូជាដុំៗ ពីវាលស្រែ ចន្លោះពីខែធ្នូដល់ខែមេសា ដោយប្រើឧបករណ៍សម្រាប់ប្រមូលនិងរមូចំបើងដែលបានទិញពីក្រៅប្រទេស។
លោក ហួត លាង បានដាំដុះស្មៅចំនួន ៦ហិកតា សម្រាប់លាយជាមួយចំបើង និងកាកសំណល់ស្រាបៀរ។ ក្នុងមួយថ្ងៃ គាត់ឲ្យគោស៊ីចំណី ២ដង និងងូតទឹកលាងសម្អាតខ្លួនគោ ២ទៅ៣ដងក្នុងមួយថ្ងៃ ដើម្បីឲ្យគោត្រជាក់ខ្លួន មានអារម្មណ៍ល្អ ដែលធ្វើឲ្យវាស៊ីចំណីបានច្រើន ឆាប់ធំធាត់។
ចំពោះទីផ្សារបច្ចុប្បន្ន ហាក់ដូជាធ្លាក់បន្តិច តែការបញ្ជាទិញនៅមានជារៀងរាល់ថ្ងៃ ៤ទៅ៥ក្បាលក្នុងមួយថ្ងៃ។
លោក ហួត លាង បញ្ជាក់ទៀតថា គាត់ក៏បានធ្វើការបង្កាត់គោតាមបែបសិប្បនិម្មិត បានជាង៦០ក្បាល ហើយកំពុងទម្លាក់កូនជាបណ្តើរៗហើយ ហើយគាត់ក៏មានលទ្ធភាពផ្តល់សេវាបង្កាត់គោតាមបែបសិប្បនិម្មិតនេះ ជូនដល់កសិករឯទៀតដែរ។ តាមរយៈបទពិសោធន៍និងជោគជ័យរបស់គាត់ មានកសិករប្រមាណ ១០០គ្រួសារ ក្នុងឃុំចុងជាច ត្រពាំងព្រីង និងទឹកជ្រៅ បានរៀបចំការចិញ្ចឹមជាលក្ខណៈក្នុងទ្រុងពី១០ក្បាលទៅ១០០ក្បាល។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្ត បានផ្តល់ការតម្រង់ទិសបន្ថែម ៖
-សុំរៀបចំកសិដ្ឋានចិញ្ចឹមគោ ឲ្យបានកាន់តែប្រសើរតាមលក្ខណៈបច្ចេកទេសកាន់តែទំនើប
-នៅជុំវិញនិងក្នុងកន្លែងចិញ្ចឹម ត្រូវរៀបចំឲ្យកាន់តែស្អាត និងមានអនាម័យ
-សូមលោកទឹកចិត្តការបង្កាត់គោតាមបែបសិប្បនិម្មិត ដោយប្រើគោបាពូជដែលមានសាច់ច្រើន ដូចជាពូជប្រាម៉ាន់ ជាដើម
-សូមបន្តជួយផ្សព្វផ្សាយ ឬ ជួយបង្កាត់គោតាមបែបសិប្បនិម្មិត ជូនកសិករដទៃបន្ថែមទៀតផង
-សូមចងក្រងជាសហគមន៍កសិកម្ម ដើម្បីបង្កើតស្តង់ដារផលិតកម្មច្បាស់លាស់ ដែលធានាតម្លៃទីផ្សារនិងនិរន្តរភាពទីផ្សារ។
ចំពោះបងប្អូនដែលចង់ទិញគោ បង្កាត់គោ ទទួលបទពិសោធន៍ចិញ្ចឹមបំប៉នគោ អាចទាក់ទងលោក ហួត លាង តាមលេខទូរសព្ទលេខ 097 386 88 98