ព្រឹកថ្ងៃចន្ទ ៨កើត ខែអស្សុជ.ឆ្នាំខាលចត្វាស័ក.ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣.ខែតុលា.ឆ្នាំ២០២២
សូមបងប្អូនប្រជាកសិករ ត្រូវធ្វើការដាំដុះដំណាំក្នុងរដូវទឹកជំនន់ ដោយតាមដានស្ថានភាពទឹកជំនន់តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយម ដោយមិនត្រូវគិតយកតាមចំណាំនោះទេ។ ការប្រែប្រួលអាកាសធាតុនិងការទាញយកផលប្រយោជន៍ពីទឹកទៅបម្រើវិស័យថាមពលអគ្គីសនី បានធ្វើឲ្យរបបទឹកទន្លេមេគង្គ ប្រែប្រួលទៅតាមការកំណត់របស់មនុស្ស។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញ សហការជាមួយមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកក្រូចឆ្មារ ចុះពិភាក្សាពីស្ថានភាពផលប៉ះពាល់ដំណាំស្រូវ ដោយជំនន់ទឹកទន្លេមេគង្គនិអទឹកភ្លៀងនៅបណ្តាឃុំពាក់ព័ន្ធ ក្នុងស្រុកក្រូចឆ្មារនិងចុះពិនិត្យ វាយតម្លៃនៅលើទីតាំងជាក់ស្តែង។ គិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ ស្រុកចំនួន ៣ រួមមមានស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ដែលមានដំណាំស្រូវនៅដំណាក់កាលសំណាប បានទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេមេគង្គនិងទឹកភ្លៀង។ តាមការប្រមូលព័ត៌មាន ស្រូវទាំងនោះ កសិករ បានព្រោះក្នុងអំឡុងពេលកាន់បិណ្ឌ ដោយគាត់ចំណាំថា បន្ទាប់ពីភ្ជុំ ទឹកនឹងចាប់ផ្តើមស្រកជាបន្តបន្ទាប់។ តាមទិន្នន័យទទួលបានជាបឋម ផ្ទៃដីស្រូវប្រមាណ ១ ២៩៨ហិកតា ត្រូវជន់លិច គ្នុងនោះ ៣៤៨ហិកតា បានខូចខាត ស្មើនឹង ១ ៥៤៧គ្រួសារ នៅក្នុង ៧៥ភូមិ។ តាមការប្រមើលស្ថានភាពទឹក ស្រូវដែលលិចលង់ទាំងអស់អាចនឹងខូចខាត។
សូមជម្រាបជូនថា ចាប់ពីថ្ងៃទី១១ ខែកញ្ញា ដែលជាថ្ងៃកាន់បិណ្ឌវេនទី១ ដែលមានកម្ពស់តែ ១១,៤៨ម តែនៅថ្ងៃទី៣ ខែតុលា ទឹកមានកម្ពស់១៣,៧៨ម គឺកើនឡើងរហូតដល់ ២,៣មឯណោះ។ ឆ្នាំ២០២២នេះ ជាឆ្នាំទី២ ដែលទឹកជំនន់ចុងរដូវបង្កការលិចលង់ដំណាំស្រូវ ក្នុងភូមិសាស្ត្រខេត្តជាប់ដងទម្លេមេគង្គ។