ថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២
ដើម្បីទទួលបានប្រាក់ចំណេញ ការអនុវត្តទៅតាមបច្ចេកទេសកសិកម្ម ពិតជាការចាំបាច់ណាស់
លោក ហ៊ីម ភីរុន ជាអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្តត្បូងឃ្មុំ និងលោកស្រី ជួប សេងហុង មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត និងជាមន្ត្រី សម្របសម្រួលបច្ចេកទេសនៃគម្រោងCFACV បានចុះសម្របសម្រួលរៀបចំទិវា ស្រែ បង្ហាញសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព(SRP) នៅភូមិស្រែស្រួច ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានកសិករចូលរួមចំនួន ៣០នាក់ ក្នុងនោះស្រី ១៥នាក់ ដែលគាំទ្រដោយគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC)នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានបង្ហាញពី ៖
+រំឮកមេរៀនស្តីពីស្តង់ដារ SRP ដែលមាន ៨ផ្នែក ស្មើ ៤១គោលការណ៍
+បង្ហាញពីបច្ចេកទេសក្រោយពេលប្រមូលផល
+ចុះកំណត់សំណាកស្រូវ ដើម្បីច្រូត ដោយកំណត់យក ៣សំណាក (១ម៉ែត្រការ៉េ មួយ សំណាក)។ តាមលទ្ធផលវាស់ស្ទង់ ទិន្នផលស្រូវសើម ៦ ១០០គីឡូក្រាម/ហិកតា ស្មើ៦ ១០០×០.៩១= ៥ ៥៥០គីឡូក្រាម(ស្រូវស្ងួតសំណើម ១៤%)
+តាមការវិភាគចំណាយទៅលើការទិញពូជ ទិញជីគីមី ទិញថ្នាំខ្យង ក្តាម ស្មៅ ការបូមទឹក ការភ្ជួររាស់ និងកម្លាំងពលកម្មសរុបគឺ ២ ៣៩៤ ០០០រៀល រី ឯចំណូលដុលដែលបានមក ពីការលក់ស្រូវសើមវិញគឺ ៦ ១០០×៨០០=៤ ៨៨០ ០០០រៀល។ ផលចំណេញនៅក្នុង ផលិតកម្មដំណាំស្រូវបង្ហាញគឺ ៤ ៨៨០ ០០០ - ២ ៣៩៤ ០០០ = ២ ៤៩៦ ០០០រៀល
ដូចនេះប្រាក់ចំណេញពីផលិតកម្មដំណាំស្រូវលើផ្ទៃដីមួយហិកតាមានចំនួន ២ ៤៩៦ ០០០ រៀល។
តាមការអនុវត្តនិងវិភាគសេដ្ឋកិច្ចយើងអាចសន្និដ្ឋានបានថា ការថែទាំបានឌិតដល់ ការប្រើប្រាស់ជីគីមីបានសមស្រប ត្រឹមត្រូវ ទៅតាមបច្ចេកទេស គឺជាមូលដ្ឋានដើម្បី ទទួលបានចំណេញក្នុងផលិតកម្មដំណាំស្រូវ។ ជាក់ស្តែងកសិករ ស្រួយ វណ្ណា ដែល បានអនុវត្តបង្ហាញផ្ទាល់ក្នុងគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរ បរិស្ថាន(CFAVC) ដោយមានការចុះសម្របសម្រួលតម្រង់ទិស ណែនាំបច្ចេកទេសពីមន្ត្រីជំនាញ គឺគាត់ ទទួលបានចំណេញគួរឲ្យកត់សម្គាល់។ នេះសរបញ្ចាក់ឲ្យឃើញថា ដើម្បីទទួលបាន ប្រាក់ចំណេញ ការអនុវត្តទៅតាមបច្ចេកទេសកសិកម្ម ពិតជាការចាំបាច់ណាស់។