ចុះពិនិត្យកម្រិតលូតលាស់ដំឡូងមីដាំបង្ហាញនិងប្រគល់ធាតុចូលកសិកម្ម(ជីកសិកម្ម15-15-15 )ដល់កសិករ
ចេញ​ផ្សាយ ៣០ សីហា ២០២២
171

ដំឡូងមី ជាដំណាំសក្តានុពលទី២ ក្នុងខេត្តត្បូងឃ្មុំ បន្ទាប់ពីកៅស៊ូ ដែលជាប្រភពចំណូលរបស់គ្រួសារកសិករជាង ៥០ ០០០គ្រួសារ
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការីចុះពិនិត្យកម្រិតលូតលាស់ដំឡូងមីដាំបង្ហាញនិងប្រគល់ធាតុចូលកសិកម្ម(ជីកសិកម្ម15-15-15 )ដល់កសិករសហការអនុវត្តបង្ហាញ ៥គ្រួសារ  នៅឃុំគោកស្រុក  ស្រុកតំបែរ និងឃុំពពេល ស្រុកពញាក្រែក ដែលសម្របសម្រួល និងតាមដានអនុវត្តផ្ទាល់ដោយមន្ត្រីអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយ ភាតរៈបរិស្ថាន(CFAVC) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។
ពិនិត្យជារួមដំឡូងមីអនុវត្តបង្ហាញពូជ៨១(រ៉ាក់យ៉ង៧២) មានការលូតលាស់ល្អ មិនសូវរងនូវជំងឺម៉ូសាអិច ហើយកម្រិតលូតលាស់នៃមើម ល្អ។ នាឱកាសនោះ ក្រុមការងារ បានផ្តល់នូវការណែនាំបន្ថែមដល់កសិករដែលទទួលសហការអនុវត្តបង្ហាញ ដូចជា ៖   
-បន្តការដាក់ជី ស្របតាមបច្ចេកទេសស្របតាមតួនាទីនៃសារធាតុចិញ្ចឹមរបស់ជី ដូចជាអាសូត(N) ផូស្វ័រ(P) និងប៉ូតាស្យូម (K) តាមបរិមាណតម្រូវការរបស់ដំណាំ និងត្រូវកប់ជីទៅ

-ត្រូវចុះពិនិត្យចម្ការជាប្រចាំ ដោយអនុវត្តកាត់សម្អាតដើមដំឡូងមី ដែលកើតជំងឺ ម៉ូសាអ៊ិក(CMD) ចេញពីចម្ការបង្ហាញនិងដុតចោល                                                                          -ត្រូវថែទាំនិងធ្វើការប្រមូផលដំឡូងមី បន្ទាប់ពីដាំបាន ៨ ខែឡើងទើបល្អ ឬនៅអំឡុងខែមីនា-មេសា ឆ្នាំ២០២៣ ដើម្បីឲ្យទិន្នផលឡើងដល់កម្រិតអតិបរិមា និងរក្សាទុកជាដើមពូជ សម្រាប់ពង្រីកការដាំដុះបន្ត និងចែកចាយដល់កសិករដទៃទៀត។
សូមជម្រាបជូនថា ដំឡូងមី ជាដំណាំសក្តានុពលទី២ ក្នុងខេត្តត្បូងឃ្មុំ បន្ទាប់ពីកៅស៊ូ ដាំលើផ្ទៃដីជាង ៥០ ០០០ហិកតា ដែលជាប្រភពចំណូលរបស់គ្រួសារកសិករជាង ៥០ ០០០គ្រួសារ។ ជាមធ្យមដំឡូងមីផ្តល់ផលប្រមាណ ១លានតោនក្នុងមួយឆ្នាំ ដែលមានតម្លៃប្រមាណ ៨៧លានដុល្លា។ ដំឡូងមី ត្រូវបានលក់ចេញទៅប្រទេសវៀតណាមស្ទើរ ៩០%។

ចំនួនអ្នកចូលទស្សនា
Flag Counter