វគ្គបណ្តុះបណ្តាលកែឆ្នៃនិងការផលិតជីកំប៉ុស្តិ៍ផ្សំពីជីឡរាវ និងការប្រើប្រាស់ជីឡជីវឧស្ម័ន
ចេញ​ផ្សាយ ៣០ សីហា ២០២២
106

ថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូនិងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២
អង្គភាពអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាននៃមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ.បានសម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការផលិតជីកំប៉ុស្តិ៍និងការប្រើប្រាស់ដល់កសិករនិងសហគមន៍កសិកម្ម ក្រោមអធិបតីភាពលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងជាប្រធានអង្គភាពអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរ:បរិស្ថានខេត្តត្បូងឃ្មុំ ដែលមានសិក្ខាកាមចូលរួមសរុប ១៥នាក់ ក្នុងស្រីចំនួន​៥នាក់។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងដូចខាងក្រោម៖
-ផ្តល់ចំណេះដឹងពីកែឆ្នៃនិងការផលិតជីកំប៉ុស្តិ៍ផ្សំពីជីឡរាវ និងការប្រើប្រាស់ជីឡជីវឧស្ម័ន
-ផ្តល់ចំណេះដឹងពីការផលិតជីកំប៉ុស្តិ៍គោក និងកំប៉ុស្តិ៍ទឹករយ:ពេលខ្លី
-ជំរុញកសិករឲ្យប្រើប្រាស់ជីធម្មជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមី
-ផ្តល់ចំណេះដឹងទាក់ទងនឹងការគ្រប់គ្រងជីឡជីវឧស្ម័ន 
-ផ្តល់បច្ចេកទេសដាំដុះដំណាំបន្លែយកស្លឹកលើធ្នើ ឬលើរាន
-ធ្វើការអនុវត្តផ្ទាល់ពីរៀបធ្វើជីកំប៉ុស្តិ៍រយ:ពេលខ្លី
-ជំរុញចលនាប្រជាពលរដ្ឋធ្វើឡជីវឧស័្មនឲ្យបានផុលផុស។
សូមជម្រាបថា គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងនៃខ្សែច្រវាក់តម្លៃកសិកម្មនៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពត និងខេត្តតាកែវ គម្រោងនេះនឹងជំរុញភាពធន់នឹងអាកាសធាតុនៃហេដ្ឋារចនាសម្ព័ន្ធកសិកម្មសំខាន់ៗ និងជួយសម្របសម្រួលការធ្វើពាណិជ្ជកម្មដំណាំស្រូវ ពោត ដំឡូងមី និងផលិតកម្ម ស្វាយ គម្រោងនឹងជួយបង្កើនផលិតភាព និងការធ្វើពិពិធកម្មដំណាំ ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពសម្រាប់ស្តុកផលិតផល ដំណើរការការធ្វើតេស្តគុណភាព សុវត្ថិភាព ការលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញតាមរយៈការសាងសង់ឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍ដល់អ្នកទទួលផល លើកកម្ពស់ការប្រើប្រាស់ ការគ្រប់គ្រង និងការស្តុកទុកជីឡជីវឧស្ម័ន និងជីកំប៉ុស្តិ៍ផ្សំពីជីឡជីវឧស្ម័ន សម្រាប់ប្រើប្រាស់លើដំណាំ។
ឡជីវឧស្ម័ន.ត្រូវបានរំពឹងថានឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ តាមរយៈរបៀបបីយ៉ាង៖ 
១-ការជំនួសឥន្ធនៈចម្អិនអាហារដោយថាមពលកកើតឡើងវិញ (ឡជីវឧស្ម័ន)
២-ការកាត់បន្ថយការបំភាយឧស្ម័នមេតានពីលាមកសត្វដោយចាប់យកថាមពលមកដុតកំដៅប្រើប្រាស់។ 
៣-ការផ្លាស់ប្តូរពីប្រើជីគីមី ដោយមកប្រើជីឡជីវឧស្ម័ន និងជីកំប៉ុស្តិ៍ផ្សំពីជីឡជីវឧស្ម័ន។
លក្ខណៈវិនិច្ឆ័យនៃការរចនាឡជីវឧស្ម័នរួមមាន ភាពធន់ភាពជឿជាក់និងតំហែទាំ  ភាពអាចរកបាននៃសម្ភារសំណង់ក្នុងស្រុក។ 
គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន នឹងសម្របសម្រួលសាងសង់ឡជីវឧស្ម័ន ចំនួន ១២.០០០ និងរោងជីកំប៉ុស្តិ៍ ចំនួន ៦.០០០ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤។

ចំនួនអ្នកចូលទស្សនា
Flag Counter